ខេត្តបាត់ដំបង៖ ដោយសារចំណងមិត្តភាពល្អ ជាមួយប្រទេសជិតខាង រដ្ឋបាលប្រទេសថៃ គ្រោងរៀបចំនូវព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំ ៣ប្រទេស (ថៃ កម្ពុជា វៀតណាម) រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ខាងមុខនេះ ដែលខេត្តចន្ទបុរី បានសហការជាមួយស្រុកប៉ូងណាមរ៉ន និងសមាគមការលក់ដូរនិងទេសចរណ៍ថៃ-កម្ពុជា ។

លោកដុកទ័រ រ៉ាតថាវីត តាំងគៀត ផាឆារ៉ា បានធ្វើសន្និសីទកាសែត ជាមួយនិងបណ្តាញអ្នកសារព័ត៌មាន វិទ្យុនិងទូរទស្សន៍ក្នុងស្រុក និងទូរទស្សន៍ជាតិកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងខេត្តជាប់ព្រំដែន ដើម្បីបង្ហាញនូវព្រឹត្តិការណ៍ ប្រចាំឆ្នាំលើកទី៩ ក្នុងការដាក់តាំងពិព័រណ៍ ស៊ីសាន់តាក់វ៉ាន់អក ប៊្រែនថៃ ហូចៃអាស៊ានអស្ចារ្យ ការលក់ដូរ ថៃ-កម្ពុជា-វៀតណាម ក្រោមប្រធានបទ៖ “ផ្សារមនុស្សដើរ៣ប្រទេស” ដែលតែងតែរៀបចំជារៀងរាល់ឆ្នាំ ស្ថិតក្នុងបរិវេណផ្សារលក់ដូរ ថៃ-កម្ពុជា (ផ្សារបានឡែម) មាត់ច្រកអន្តរជាតិព្រំដែន បានឡែម ស្រុកប៉ូងណាំរ៉ន (ថៃ) និងច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង(កម្ពុជា) ។

ឯកឧត្តម វិធូវ៉ាត់ ស៊ីណាម អភិបាល ខេត្តច័ន្ទបុរី បានបញ្ជាក់ថា ការដាក់តាំងពិព័រណ៍ស៊ីដាន់តាមវ៉ាន់អក ប៊្រែនថៃ ហួចៃ អាស៊ាន អស្ចារ្យ នៃការលក់ដូរ ថៃ-កម្ពុជា-វៀតណាមលើកទី៩នៅថ្ងៃទី២៦ខាងមុខនេះ ក្នុងគោលបំណង ផ្តល់នូវទំនុកចិត្តជូនដល់ផ្នែកធុរៈកិច្ច និងអ្នកប្រកបអាជីវកម្ម ទាំងក្នុងនិងក្រៅប្រទេស តាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្មទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយបណ្តាប្រទេសជិតខាង ជាពិសេសជាមួយបណ្តាខេត្តជិតខាងគ្នា រវាងខេត្តច័ន្ទបុរី (ថៃ) ខេត្តបាត់ដំបង និង ខេត្តប៉ៃលិន (កម្ពុជា)។

ដោយក្នុងនោះ មានក្រុមហ៊ុនផលិតផល និងទំនិញOTOP ចាប់ពីលំ ដាប់ផ្កាយ៣ដល់ផ្កាយ៥ ព្រមទាំងមានការចូលរួម ពីអ្នកប្រកបអាជីវកម្ម SME អ្នកផលិតទំនិញកសិកម្មនិងការកែច្នៃ ហើយនៅក្នុងព្រឹត្តិការណ៍នោះ ក៏មានការអញ្ជើញចូលរួមជាអធិបតីរបស់អាជ្ញាធរខេត្តបាត់ដំបង ប៉ៃលិនកម្ពុជា និងខេត្តច័ន្ទបុរី ព្រមទាំងមានការសម្តែងសិល្បៈវប្បធម៌ទាំង៣ប្រទេស នៅក្នុងបរិវេណផ្សារលក់ដូរ ថៃ-កម្ពុជា ផ្សារបានឡែម ស្រុកប៉ូងណាមរ៉ន ខេត្តច័ន្ទបុរី (ថៃ)ផងដែរ៕