ខេត្តព្រៃវែង៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែកុម្ភៈ​នេះ សម្តេចក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​២០១៩ របស់​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តព្រៃវែង​។ ពិធី​នេះ បានធ្វើ​ឡើង នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តព្រៃវែង​។

បន្ទាប់ពី​អង្គសន្និបាត បាន​ស្ដាប់​របាយការណ៍ ស្ដីអំពី​លទ្ធផល​នៃ​សន្និបាត​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តព្រៃវែង ដែល​បាន​ដំណើរការ​ពេញ​មួយថ្ងៃ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ​មក សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ តាងនាម​ឲ្យ​សម្ដេច​ប្រធាន និង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កោតសរសើរ​ក្រុមការងារ​យុវជន និង​សប្បុរសជន​នានា ដែល​បានរួម​សហការគ្នា​បំពេញ​សកម្មភាព ទទួលបាន​លទ្ធផល​យ៉ាង​ល្អ កាលពី​ឆ្នាំ​២០១៨​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ឲ្យ​ក្រុមការងារ​យុវជន និង​សមាជិក សមាជិក​ការ​គណបក្ស​បក្ស រួមគ្នា​បន្តទៀត ក្នុងការ​បំពេញការងា​រ​អាទិភាព​តាម​ការដាក់ចេញ​ដោយ​សន្និបាត​លើក​នេះ ហើយ​សម្ដេច​មានការ​ជឿ​ជាក់​ថា សប្បុរសជន​នានា ដែល​ធ្លាប់​សហការ​ផ្ដល់​ការគាំទ្រ​ដល់​ក្រុមការងារ​យុវជន​គណបក្ស នាពេល​កន្លងមក នឹង​បន្ត​ការគាំទ្រ​នេះ​ជា​បន្តទៀត ពិសេស​ពាក់ព័ន្ធ​នឹង​ការចូលរួម​កិច្ច​ការជួយ​សង្គម​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​រំលឹក​ឡើងវិញ​នូវ​ប្រសាសន៍​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​សម្ដេច​បាន​មានប្រសាសន៍ថា កម្ពុជា​ត្រូវតែ​ផ្ដោតលើ​ការពង្រីក​ទំនាក់ទំនង​ខាងក្រៅ និង​ពង្រឹង​កំណែទម្រង់​ផ្ទៃក្នុង ដែល​មានន័យថា យើង​ត្រូវតែ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​បរទេស ទាំង​វិស័យ​ការទូត និង​ពាណិជ្ជកម្ម ហើយ​ជាមួយគ្នានេះ​ត្រូវ​កែទម្រង់​ផ្ទៃក្នុង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។​

​ដោយសារ​ក្នុង​អង្គសន្និបាត​មានការ​ចូលរួម​ពី​សមាជិក សមាជិការ ដែលមាន​តួនាទី​ជា​ថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក និង​ឃុំ​សង្កាត់ សម្ដេច​ក្រឡាហោម បាន​ក្រើនរំលឹក​ជាថ្មីទៀត​អំពី​វិធានការ​ដោះស្រាយ​ទំនាស់​នៅតាម​មូលដ្ឋាន ដោយ​បញ្ចៀស​នូវ​ការប្រើ​អំពើហិង្សា​ពី​សំណាក់​កម្លាំង​អាជ្ញាធរ និង​ត្រូវ​ចៀសវាង​ដាច់ខាត​តែម្ដង ការប្រើ​កម្លាំង​កងទ័ព​មក​អនុវត្ត​ដីការ​តុលាការ ឬ​ដោះស្រាយ​បញ្ហា​វិវាទ​ណាមួយ​។

​ជាការ​កត់សំគាល់ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ក្រើនរំលឹក​សមាជិក សមាជិការ​គណបក្ស ដែលមាន​តួនាទី​ជា​មន្ត្រី​សាធារណៈ​ទូទៅ ត្រូវបំពេញ​ការងារ​ឲ្យ​បានល្អ បែងចែក​រវាង​ការងារ​គណបក្ស និង​ការងារ​រដ្ឋ​ឲ្យ​បានច្បាស់លាស់ ចៀសវាង​ការប្រកាន់​និន្នាការ​នយោបាយ ចៀស​ឲ្យ​ផុតពី​ការបង្កើត​អយុត្តិធម៌​សង្គម ពិសេស​ត្រូវគោរព​ស្រលាញ់ និង​បំរើ​ពលរដ្ឋ ឲ្យ​បាន​ស្មើៗ​គ្នា និង​មិនត្រូវ​បក្សពួកនិយម​ជាដាច់ខាត​។​

​ជាមួយគ្នានេះ សម្ដេច ក៏​បន្ត​មានប្រសាសន៍ អំពី​ការធ្វើកំណែទម្រង់​ស្ថាប័ន និង​អង្គភាព​រដ្ឋ ដែល​សម្ដេច​សំដៅ​ដល់​ការ​គ្រង់​គ្រង និង​ចាត់ចែង​មន្ត្រី​ឲ្យ​បំពេញការងារ​ត្រូវ​ទៅតាម​ជំនាញ និង​ចំណេះដឹង ចៀសវាង​ការតែងតាំង ឬ​ប្រគល់​តួនាទី​ការងារ​ឲ្យ​ទៅ​មន្ត្រី​ដែល​ចេះតែ​ប្រើ​លុយ តែ​គ្មាន​ជំនាញ និង​ចំណេះដឹង​ត្រូវ​នឹង​ការងារ​នោះ​។ សម្ដេច​ថា​នេះ​គឺជា​យុត្តិធម៌​នៅក្នុង​ស្ថាប័ន និង​អង្គភាព​សាធារណៈ​។​

​ពាក់ព័ន្ធ​នឹង​កំណែទម្រង់​វិមជ្ឈការ វិសហមជ្ឈការ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ទៅកាន់​អង្គសន្និបាត អំពី​ការផ្ទេរសិទ្ធិ អំណាច ធនធាន ការទទួលខុសត្រូវ​ពី​រដ្ឋបាល​ថ្នាក់ជាតិ ទៅ​ថ្នាក់ក្រោម​ជាតិ ដោយ​សម្ដេច​បាន​គូសបញ្ជាក់ថា កិច្ចការ​អាទិភាព​មួយ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២០ ហើយ​រាជរដ្ឋាភិបាល​នឹងដាក់​កិច្ចការ​អាទិភាព​ថ្មីៗ​បន្ថែមទៀត​ដើម្បី​បន្តធ្វើ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​។​

​បន្ទាប់ពី​បញ្ចប់​សុន្ទរកថា​ទៅកាន់​អង្គសន្និបាត សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រៃវែង និង​បាត់ដំបង បាន​អញ្ជើញ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ជូន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រៃវែង និង​ជូន​សមាជិក សមាជិការ​បក្ស ដែល​បាន​ចូលរួម​សន្និបាត និង​បាន​អញ្ជើញ​ប្រគល់​លិខិត​សរសើរ​ជូន​សមាជិក​សមាជិការ និង​យុវជន​គណបក្ស ដែល​បាន​ស្នាដៃ​ល្អ​៕