ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ជា​ច្រើន​នាក់ នៅ​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​ករណី​គ្រឿងញៀន​បាន​នៅ​ទីតាំង​ក្នុង​ម​ឈ្ឈ​មណ្ឌល​កំសាន្ត​(​រ៉ក Rock) ស្ថិត​នៅ​ជាប់​ផ្លូវ​ព្រះ​មុន្នី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​បុគ្គលិក និង​អ្នក​ពាក់ព័ន្ធ​ជាង​៣០០​នាក់ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ ។

ប្រតិបត្តិការ​ទាំង​កណ្ដាលរាត្រី​នេះ មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់​ដោយ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​កម្លាំង​អាជ្ញាធរ និង​នគរបាល​រាប់​សិប​នាក់​ផ្សេង​ទៀត ។

បើ​តាម​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា មនុស្ស​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន ចំនួន​៣១២​នាក់ ដែល​ជា​បុគ្គលិក និង​អ្នក​ពាក់ព័ន្ធ ។ បច្ចុប្បន្ន​មនុស្ស​ដែល​ឃាត់ខ្លួន ត្រូវ​បាន​យក​ទៅ​សាកសួរ​បន្ដ​ទៀត នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​វត្ថុ​តាង​ពាក់ព័ន្ធ​ផង​ដែរ ។

សូម​ជម្រាប​ថា ម្ចាស់​អាជីវកម្ម មជ្ឈមណ្ឌល​កំសាន្ត​រ៉ក បាន​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ថា ៖ ទី​១-​មិន​អនុញ្ញាត​ឲ្យ​មានការ​ផលិត ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​។ ទី​២-​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​រាយការណ៍​ជា​បន្ទាន់ ក្នុង​ករណី​សង្ស័យ​មានការ​ផលិត ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​។ ទី​៣-​អនុវត្ត​តាម​កិច្ចសន្យា ដែល​បាន​សន្យា​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពេល​សុំ​បើក​អាជីវកម្ម​របស់​ខ្លួន​។

ក្នុង​ករណី​ដែល​ខ្ញុំបាទ​-​នាង​ខ្ញុំ មិន​បាន​អនុវត្ត​ទៅ​តាម​ខ្លឹមសារ​សន្យា​ខាងលើ ខ្ញុំបាទ​-​នាង​ខ្ញុំ សុខចិត្ត​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ បិទ​អាជីវកម្ម​ទាំងស្រុង និង​ទទួល​បាន​ខុស​ត្រូវ​តាម​ច្បាប់ ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ព្រមទាំង​ច្បាប់​ផ្សេង​ៗ​ទៀត ។

ម្ចាស់​មជ្ឈមណ្ឌល​កំសាន្ត ក៏​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច​កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៨ ។ មជ្ឈមណ្ឌល​កំសាន្ត Rock មាន​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​លេខ​៤៦៨ ផ្លូវ​ព្រះ​មុន្នី​វង្ស ភូមិ​បឹង​ត្របែក សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ម្ចាស់​មជ្ឈមណ្ឌល​កំសាន្ត​, ផ្ទះសំណាក់​, សណ្ឋាគារ និង​ក្លឹ​ប​កំសាន្ត​មួយ​ចំនួន បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច​បន្ទាប់​ពី​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្រកាស​បញ្ចេញ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​គ្រឿងញៀន​នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ និង​ក្លឹ​ប​កំសាន្ដ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ជាង​១​ពាន់​ទីតាំង ដែល​ធ្វើ​ផ្ទុយ​ពី​កិច្ចសន្យា ៕