វៀតណាម៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ vietnamnews លោក Lê Hoài Trung អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ថាការរៀបចំសម្រាប់កិច្ចប្រជុំកំពូលលើកទី២ នាពេលខាងមុខរវាងអាមេរិក និង កូរ៉េខាងជើង គឺស្ថិតនៅលើកាលវិភាគដែលទទួលបានការកោតសរសើរពីប្រទេសទាំងពីរ ហើយមកដល់ពេលនេះអ្នកកាសែតបរទេសចំនួន២៦០០ នាក់បានចុះឈ្មោះចូលមកវៀតណាមដើម្បីរាយការណ៍អំពីព្រឹត្តិការណ៍នេះ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់ថាវៀតណាមមានពេលត្រឹមតែ២០ថ្ងៃប៉ុណ្ណោះដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាទីក្រុងហាណូយ ជាទីកន្លែងជំនួបកំពូលលើកទី២ ។ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរៀបចំនេះ។ដោយលោកបានបន្ថែមថានាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ផ្ទាល់បានផ្តល់ការណែនាំនិងត្រួតពិនិត្យការងារនេះផងដែរ។ វៀតណាមបានពិភាក្សាជាមួយប្រទេសទាំងពីរនូវពត៌មានលំអិតទាក់ទងនឹងបញ្ហាសន្តិសុខនិងពិធីសារផងដែរ។

លោក Lê Hoài Trung បានថ្លែងបន្តថា ប្រទេសវៀតណាមបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់មណ្ឌលព័ត៌មាននិងបានបង្កើតលក្ខខណ្ឌល្អសម្រាប់អ្នកយកព័ត៌មានបរទេសដើម្បីរៀបចំព្រឹត្តិការណ៍នេះ។លោកបានបន្តថាវាគឺជាឱកាសមួយដើម្បីបង្ហាញពីការទទួលខុសត្រូវសកម្មរបស់ប្រទេសនេះចំពោះសហគមន៍អន្តរជាតិក៏ដូចជាបំណងរបស់ខ្លួនក្នុងការរួមចំណែកដល់សន្តិភាពក្នុងតំបន់និងពិភពលោក ហើយថាវាជាការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ដែលបង្ហាញពីជំហរនិងសមត្ថភាពរបស់វៀតណាមក្នុងវិស័យជាច្រើន។ដោយការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះវៀតណាមបានឆ្លើយតបទៅនឹងការរំពឹងទុករបស់សហគមន៍អន្តរជាតិនិងប្រទេសដែលមានជាប់ពាក់ព័ន្ធចំនួន២ថាវៀតណាមជាប្រទេសដែលមានសុវត្ថិភាពមានសន្តិសុខល្អនឹងមានបទពិសោធន៍ច្រើនក្នុងដំណើរការអភិវឌ្ឍន៍និងចំណងមិត្តភាពជាមួយប្រទេសជិតខាងនិងសហគមន៍អន្តរជាតិ។

លោក Lê Hoài Trung បានបញ្ជាក់ថា មកដល់ពេលនេះអ្នកកាសែតបរទេសចំនួន២៦០០ នាក់បានចុះឈ្មោះចូលមកវៀតណាមដើម្បីរាយការណ៍អំពីព្រឹត្តិការណ៍នេះហើយពួកគេនឹងជួយផ្សព្វផ្សាយសមិទ្ធផលនានារបស់វៀតណាមដល់ពិភពលោកផងដែរ៕