ភ្នំពេញ ៖ ទំនិញចំនួន០២ទូរកុងតៃន័រ (ទូរក្លាសេ) មានទំងន់សរុប៤០តោន ត្រូវបានសមត្ថកិច្ចជំនាញកាំកុងត្រូលរកឃើញសង្ស័យមិនប្រក្រតី ព្រោះក្រោយពេលពិនិត្យមិនឃើញមានឯកសារផ្លូវច្បាប់ត្រឹមត្រូវ តែរកមិនឃើញមានសារធាតុគីមីហាមឃាត់នៅលើសាច់មាន់ ទោះយ៉ាងណាជំនាញបានសម្រេចបិទឃ្លុំបេចោលសិន រងចាំធ្វើការស្រាវជ្រាវបន្ដទៀត
នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលកំពុងផែអន្តរជាតិភ្នំពេញ ដោយមានការចូលរួមសហការពីព្រះរាជអាជ្ញារង និងលោកអភិបាលរងខណ្ឌច្បារអំពៅ បានចុះពិនិត្យឃ្លាំងស្តុកចែកចាយសាច់មាន់ចម្រុះ០១កន្លែង នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងសកម្មភាពត្រួតពិនិត្យនោះ មន្ត្រីជំនាញបាន រកឃើញ សាច់មាន់ ភ្លៅមាន់ មាន់មូល ដំឡូងបារាំងចិតរួចសរុប ចំនួន០២ទូរកុងតៃន័រ (ទូរក្លាសេ) មានទំងន់សរុប៤០តោន និងផលិតផលម្ហូបអាហារចំនួន១៦មុខទៀតប៉ុន្តែរកមិនឃើញសារធាតុគីមីហាមឃាត់នោះទេ ។
យ៉ាងណាទំនិញទាំងអស់នោះពុំមានឯកសារត្រឹមត្រូវ បន្ទាប់មក គណៈកម្មការចម្រុះ សម្រេចបិទឃ្លុំបេទូរក្លាសេសាច់មាន់ទាំង០២ទូរសិន ហើយបានឱ្យម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាកែតម្រូវឱ្យបានត្រឹមត្រូវឡើងវិញ ពុំនោះទេនឹងត្រូវប្រឈមនឹងការបិទអាជីវកម្មជាបណ្តោះអាសន្នតែម្ដង ៕