ខេត្តកំពត៖ បុរសជាជនសង្ស័យម្នាក់តែងតែប្រើប្រាស់អំពើហិង្សាវាយធ្វើបាបប្រពន្ធជាញឹកញាប់ លុះទ្រាំលែងបានប្រពន្ធ បានត្រឡប់មករស់នៅផ្ទះខ្លួនឯស្រុកកំណើតវិញ លុះក្រោយមកទូរស័ព្ទណាត់ប្រពន្ធឲ្យមកជួប ប្រពន្ធមិនព្រមមក ជនសង្ស័យជាប្ដីបានយកទឹកអាស៊ីដជះ បណ្ដាលឲ្យរបួស៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ អនុវត្តតាមដីកាបញ្ជារបស់តុលាការស្រាវជ្រាវនិងចាប់ខ្លួនបានកាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ ២០១៩ នៅចំណុចនៅភូមិឬស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ។

ជនសង្ស័យឈ្មោះ អ៊ុក កុម្ភ: ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិឬស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ (ត្រូវជាប្តី) ។ ចំណែកជនរងគ្រោះទាំង៣នាក់៖ ១.ឈ្មោះ រ៉ា ស្រីនិច្ច ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ រងរបួសស្រាល ជាប្រពន្ធ ទី២.ឈ្មោះ ម៉ៃ ស្រីឡា ភេទស្រី អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (របួសស្រាល) និងទី៣.ឈ្មោះ ណាន ឈាវ ភេទប្រុស អាយុ០១ ឆ្នាំ៦ខែ ជនជាតិខ្មែរ នៅក្នុងបន្ទុក (ជាកូន) របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។

កន្លងមកជនសង្ស័យឈ្មោះអ៊ុក កុម្ភ: តែងតែប្រើប្រាស់អំពើហិង្សា វាយទៅលើប្រពន្ធឈ្មោះ រ៉ា ស្រីនិច្ច ជាញឹកញាប់ពេលទៅធ្វើការងារ និងស្នាក់នៅឯភ្នំពេញ ដោយទ្រាំលែងបានប្រពន្ធ បានត្រឡប់មករស់នៅផ្ទះខ្លួនវិញ នៅឯភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ក្រោយមកឈ្មោះ អ៊ុក កុម្ភ: តែងតែមករករឿង និងធ្លាប់និយាយគំរាមប្រពន្ធថា នឹងជះទឹកអាស៊ីត ដាក់នៅថ្ងៃណាមួយ។

លុះមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យបានទូរស័ព្ទមកប្រពន្ធ ជាច្រើនដងឲ្យទៅជួបនៅតំបន់7NG ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ប៉ុន្តែប្រពន្ធ មិនព្រមទៅជួប ហើយជនសង្ស័យបាននិយាយថា បើមិនទៅជួបប្រាកដជាមានរឿង ។

លុះដល់ម៉ោង ៧យប់ថ្ងៃដដែល ឈ្មោះ រ៉ា ស្រីនិច្ច ឈ្មោះ ម៉ៃ ស្រីឡា និង ឈ្មោះ ណាន ឈាវ បានដើរទៅទិញម្ហូប នៅខាងកើតផ្ទះ ដោយឈ្មោះម៉ៃ ស្រីឡា ជាអ្នកព ឈ្មោះ ណាន ឈាវ ពេលទិញរួចក៏ដើរត្រឡប់មកផ្ទះវិញ ពេលកំពុងដើរត្រឡប់មកផ្ទះវិញនោះ ស្រាប់តែជនសង្ស័យជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៤ មិនចាំស្លាកលេខ ពាក់អាវពណ៌ទឹកប៊ិក ជិះពីលិចទៅកើត មកដល់ក៏បានយកទឹកអាស៊ីដ ជះទៅលើអ្នកទាំង៣ បណ្តាលឲ្យត្រូវមុខឈ្មោះ ណាន ឈាវ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ឯឈ្មោះ រ៉ា ស្រីនិច្ច និងឈ្មោះ ម៉ៃ ស្រីឡា រងរបួសស្រាល ភ្លាមនោះឈ្មោះ អ៊ុក កុម្ភ: បានជិះម៉ូតូរត់គេចខ្លួនបាត់។

លុះដល់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ អ៊ុក កុម្ភ: កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាល ស្រុកអង្គរជ័យខេត្ដកំពត អនុវត្តតាមដីកាបញ្ជារបស់តុលាការ ឃាត់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ចខេត្ដកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕