ខេត្ត​ព្រះ​សីហ​នុ ៖ សំបុក​ពេស្យាចារ​ចំនួន​៣​កន្លែង ដែល​កំពុង​ធ្វើ​អាជីវកម្ម​ដោយ​ក្រុម​ជនជាតិ​ចិន និង​ដំណើរការ​យ៉ាង​រលូន ​នៅ​កណ្តាល​ក្រុងព្រះ​សីហ​នុ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បើកប្រតិបត្តិការ​ចុះ​បង្ក្រាប​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​៣៨​នាក់ ។

ប្រតិបត្តិការបំបែកសំបុកពេស្យាចានេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ភ្នំ​ខៀវ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ ។

​ប្រភព​ពី​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយដឹងថា សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣៨​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន២៣​នាក់ (​ប្រុស​១១​នាក់​) និង​ស្ត្រី​ជនជាតិ​ថៃ ចំនួន​១៥​នាក់ ​។

​ប្រភពដដែល បាន​បញ្ជាក់​ឱ្យដឹង​ថា ដោយ​យោង​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស ជួញដូរ​មនុស្ស ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​លេខ​០២ រួម​ជាមួយ​កម្លាំង​អន្តរាគមន៍ បាន​ធ្វើការ​ឆ្មក់​ចូល​ទីតាំង​ជួញដូរ​ផ្លូវភេទ ចំនួន​៣​ទីតាំង ដែល​ជា​របស់​ជនជាតិ​ចិន​ ។

ប្រភព​ដដែល​ បន្តទៀត​ថា ជា​លទ្ធផល ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ចំនួន​៣៨​នាក់ ក្នុង​នោះ​មាន​ប្រុស​ចំនួន​១១​នាក់ និង​បាន​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន ដែល​បាន​បំរើ​ឱ្យ​បទល្មើស​ខាងលើ ដូច​ជា ស្រោម​អនាម​យ័​ប្រើប្រាស់​រួច​ហើយ និង​ស្រោមអនាម័យ​មិន​ទាន់​ប្រើ​ ជា​ច្រើន​ផង​ដែរ​។

ប្រភព​ខាងលើ បញ្ជាក់​ថា ចំពោះ​មេ​ក្លោ​ង​ក្នុង​បទល្មើស​ជួញដូរ​ផ្លូវភេទ​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ដើម្បី​ឃាត់ខ្លួន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត បើ​ទោះជា​បុរស​ជនជាតិ​ចិន​ដែល​នគរបាល​បាន​ឃាត់ខ្លួន​ទាំង​១១​នាក់​នោះ ពុំ​ទាន់​ឆ្លើយ​សារភាព យ៉ាងណា​ក្តី ​៕