ខេត្តកំពង់ឆ្នាំង៖ កម្មការិនី៣០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបើកគេចគោយន្ត បណ្តាលឲ្យក្រឡាប់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចទំនប់ចុងកន្លែង ផ្លូវលំក្រាលក្រួសក្រហម ភូមិដកស្និត ឃុំច្រេស ស្រុកកំពង់ត្រឡាច។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ ស្លាកលេខបាត់ដំបង 3A-1941 បើកបរដោយឈ្មោះ ច្រឹក ភឿន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ដឹកកម្មករ កម្មការិនីរោងចក្រ ចេញពីរោងចក្រឆ្ពោះមកផ្ទះវិញ ដោយបើកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកើត ។

ខណៈបើកបរមកដល់ចំណុចខាងលើ បានបើកព្យាយាមបើកគេចពីគោយន្តកន្រ្តៃ១ គ្រឿង មិនស្គាល់ម៉ាក ដែលបើកបរច្រាស់ទិសគ្នាមកពីខាងមុខ ដោយបានបើកអែបទៅលើចិញ្ចើមផ្លូវខាងស្ដាំ ស្រាប់តែប៉ះដីស្រុតកង់រថយន្តខាងស្ដាំ បណ្ដាលឲ្យក្រឡាប់តែម្ដង បណ្ដាលឲ្យកម្មការិនី៣០នាក់រងរបួស ក្នុងនោះរងរបួសធ្ងន់៥នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត២នាក់ និងរបួសស្រាល២៥នាក់ ៕