រាជធានីភ្នំពេញ៖ ស្រ្តីជាម្តាយសិស្សរងគ្រោះម្នាក់បាននាំកូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ច្រាំងចំរេះទី២ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភះ ឆ្នំា២០១៩ បន្ទាប់ពីអ្នកគ្រូប្រចាំថ្នាក់ទី២ក សាលាបឋមសិក្សាច្រាំងចំរេះ ប្រើហឹង្សាដោយយកដៃទះខ្នងកូនរបស់ខ្លួនបណ្តាលអោយមានស្នាមជាំទាំងដុំៗ។

អ្នកគ្រូដែលត្រូវស្រ្តីជាម្តាយសិស្សប្តឹងនោះឈ្មោះផ្លុង គឹមហេង ជាគ្រូប្រចាំថ្នាក់ទី២ក និងជាប្រពន្ធនាយកសាលាបឋមសិក្សាច្រាំងចំរេះនោះផងដែរ។ ចំណែកស្រ្តីជាម្តាយក្មេងរងគ្រោះនោះឈ្មោះម៉ៅ សុភារម្យ អាយុ៣៦ឆ្នាំ។ រីឯកូនសិស្សរងគ្រោះ ឈ្មោះបូ រិទ្ធសុវណ្ណដាលិន ភេទស្រី អាយុ៧ឆ្នាំ។

តាមម្តាយក្មេងស្រីរងគ្រោះបានអោយដឹងថា អ្នកគ្រូប្រចាំថ្នាក់រូបនោះ បានប្រើហឹង្សាមកលើកូនស្រីរបស់គាត់ជាច្រើនដងមកហើយ។
មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី២១ខែកុម្ភះនេះ នៅពេលកូនស្រីត្រឡប់មកពីរៀន ហើយដោះអាវ ស្រាប់តែស្រ្តីជាម្តាយឃើញជាំខ្នងទាំងដុំៗ ក៏បានសួរនាំ ទើបដឹងថា អ្នកគ្រូប្រចាំថ្នាក់នាងវៃ ក៍នាំកូនមកប្តឹងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ច្រាំងចំរេះទី២ តែម្តង។

បើតាមលោកនាយប៉ុស្តិ៍ច្រាំងចំរេះទី២ បានអោយដឹងថា នៅព្រឹកកើតហេតុនោះ ពេលអ្នកគ្រូឈ្មោះផ្លុង គឹមហេង ហៅសិស្សរងគ្រោះឡើងក្តារខៀនធ្វើលេខគុណ អត់ចេះ ក៍បានវាយខ្នងមួយដៃជ្រុលបណ្តាលអោយជាំតែម្តង ហើយថាកន្លងមកសិស្សនោះរពិសណាស់ត្រូវអ្នកគ្រូប្រចាំថ្នាក់វាយនឹងបន្ទាត់ជាច្រើនលើកមកហើយដែរ តែលើកនេះវាយនឹងដៃ ទើបបណ្តាលអោយជាំបែបនេះ។
តែយ៉ាងណាម្តាយក្មេងស្រីរងគ្រោះ ចាត់ទុកថា ការប្រើហឹង្សានេះជាអំពើឃោរឃៅនិងមានចរិតព្រៃផ្សៃពីសំណាក់គ្រូបង្រៀន ដែលមានតួនាទី អប់រំណែនាំ មិនត្រូវប្រើអំពើហឹង្សាលើកុមារដែលជាសិស្សបែបនេះនោះទេ។

ក្រោយពីទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្រាំងចំរេះទី២ បានហៅ អ្នកគ្រូផ្លុង គឹមហេង ព្រមទាំងនាយកសាលា ដែលជាប្តី មកសាកសួរ ព្រមទាំងធ្វើការសម្របសម្រួលគ្នា ដោយអ្នកគ្រូនិងលោកនាយកក៍បានសុំទោសម្តាយក្មេងស្រីរងគ្រោះ ហើយសមត្ថកិច្ចនគរបាលធ្វើការអប់រំអ្នកគ្រូផ្លុង គឹមហេង និងធ្វើកិច្ចសន្យាឈប់ប្រើហឹង្សាបែបនេះទៀត រួចអោយត្រឡប់ទៅវិញ៕