ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកព្រៃនប់ ចុះមកអន្តរាគមន៍និងត្រួតពិនិត្យករណីគ្រោះថ្នាក់ចរាចរណ៍ពេលយប់មួយ ក៏មានការសង្ស័យទៅលើជនជាតិចិនម្នាក់ក្នុងចំណោមជនជាតិចិន៣នាក់ មានយួរស្បោងពណ៌សមួយនៅឆ្ងាយពីគេ។ លុះសមត្ថកិច្ចសុំត្រួតពិនិត្យ ស្រាប់តែរត់គេចខ្លួនចូលក្នុងចំការដូងប្រេង ទម្លាក់ស្បោងនោះ លុះសមត្ថកិច្ចឆែកមើល ឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់ធំ ។ លុះព្រឹកឡើង ទើបចាប់ខ្លួនជនសង្ស័យបានម្នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនជាតិចិន៣នាក់ជិះរថយន្តម៉ាកព្រុសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-0632 បើកបរក្នុងទិសដៅពីភ្នំពេញ ទៅក្រុងព្រះសីហនុ ក្នុងល្បឿនលឿន។ លុះមកដល់កន្លែងកើតហេតុ រថយន្តបានរេចង្កូតទៅបុករថយន្តធំមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3B-64 07 ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវគ្រួសក្រហមខាងស្តាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះកងរាជអាវុធហត្ថ និងនគរបាលអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះមកអន្តរាគមន៍និងត្រួតពិនិត្យ ក៏មានការសង្ស័យទៅលើជនជាតិចិនម្នាក់ក្នុងចំណោមជនជាតិចិន៣នាក់ កំពុងឈរយួរស្បោងពណ៌សមួយនៅឆ្ងាយពីគេ សមត្ថកិច្ចក៍សុំត្រួតពិនិត្យ ។ ប៉ុន្តែមិនទាន់បានឆែកផង ស្រាប់តែជនជាតិចិននោះទម្លាក់ស្បោងចោល នាំគ្នារត់គេចខ្លួនចូលក្នុងចំការដូងប្រេងបាត់អស់ ។

លុះសមត្ថកិច្ចឆែកក្នុងស្បោងនោះ ស្រាប់តែប្រទះឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់ធំនៅក្នុងនោះ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបាននាំគ្នារុករកជនសង្ស័យក្នុងព្រៃចំការដូងប្រេងទាំងយប់ដែរ តែរកមិនឃើញសោះ។ រហូតដល់ម៉ោង៨,៣០នាទីព្រឹកថ្ងៃដដែល ទើបប្រទះឃើញនិងចាប់ខ្លួនបានម្នាក់ ។
ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបាននាំខ្លួននិងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តនីតិវិធីច្បាប់៕