ហ្សេរុយសាឡឹម៖ Rafael Advanced Defense Systems​ (RADS) ដែល​ជាក្រុមហ៊ុនបច្ចេកវិទ្យា​រដ្ឋ​អ៊ីស្រាអែល បានដាក់តាំងបង្ហាញមីស៊ីលរយៈចំងាយឆ្ងាយ​ដ៏ថ្មីសន្លាងមួយ​ មានសមត្ថភាព​​កម្ទេចគោលដៅ​សត្រូវនៅ​ក្រោមដី និងមាន​សមត្ថភាព​កំណត់ទីតាំង​ច្បាស់លាស់​បំផុត។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាម​ក្រុមហ៊ុន Rafael មីស៊ីលខាងលើ​មានឈ្មោះ Rocks និងត្រូវបានដាក់តាំង​បង្ហាញនៅឯពិព័រណ៍យន្ដហោះ ចម្បាំងរៀបចំឡើងក្នុងទីក្រុង ប៊ែងហ្គាឡ័រ (Bangalore) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកុម្ភៈនេះ។ ក្រុមហ៊ុនរដ្ឋ​អ៊ីស្រាអែលមួយនេះ បានបញ្ជាក់​ទៀតថា មីស៊ីល Rocks អាចបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ ព្រមទាំងមាន​សមត្ថភាពកម្ទេច​គោលដៅរបស់​សត្រូវទាំង​នៅលើ ​គោក ក្រោមដី និងអាចធ្វើ​ប្រតិបត្តិការនៅខាងក្រៅ​តំបន់ ដែលគ្របណ្ដប់ដោយ​ប្រព័ន្ធការពារ​ដែនអាកាស​ទៀតផង។

គួរបញ្ជាក់ថា ក្រៅតែ​ពីមីស៊ីល Rocks អ៊ីស្រាអែលក៏បានដាក់​បង្ហាញ​មីស៊ីល Mini-Harpy នៅឯពិព័រណ៍យន្ដហោះចម្បាំង​ក្នុងប្រទេសឥណ្ឌា នៅថ្ងៃពុធ​សប្ដាហ៍នេះ។ អ្វីដែលដែល​ពិសេសជាងនេះទៅទៀតនោះ Rocks អាចធ្វើដំណើរបានលឿនជាងល្បឿនសំឡេង និងប្រើប្រាស់ប្រព័ន្ធប្រាប់ទីតាំង GPS ដើម្បីប្រាកដច្បាស់ពីគោលដៅ​ដែល​ត្រូវវាយប្រហារ មិនឲ្យមានការភ័ន្តច្រឡំនោះឡើយ។ បន្ថែមពីនេះវាមានបំពាក់នូវកាមេរ៉ាកម្រិត​ខ្ពស់ ដែលអាចបញ្ជាឲ្យវាទៅរកទីតាំងវាយប្រហារ រួចចុចទម្លាក់នៅទីនោះតែម្តង៕