នា​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នាយកដ្ឋាន​សុខភាព​សត្វ នៃ​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ចេញ​សេចក្ដីថ្លែងការណ៍​ជា​ផ្លូវការ ដោយ​រក​ឃើញ​មាន​ជំងឺ​ផ្ដាសាយ​ជ្រូក មានឈ្មោះ​ថា African Swine Fever (AFS) កើតឡើង​នៅ​ចំនួន​០៨​តំបន់ នៅ​ក្នុង​ខេត្ត Hung Yen និង​ខេត្ត Thai Binh នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហាណូយ ។

ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ជំងឺ​គ្រុនផ្តាសាយ​ជ្រូក (​ហៅ​ថា ជំងឺប៉េស្ត ឬ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​)​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​កសិដ្ឋាន​ចំនួន​៣​កន្លែង នៅ​វៀតណាម ដែល​សត្វ​ជ្រូក​ទាំងអស់​នៅ​កសិដ្ឋាន ត្រូវ​បាន​សម្លាប់​ចោល ។

ជំងឺ​ដែល​មិន​អាច​ព្យាបាល​បាន​លើ​សត្វ​ជ្រូក​នេះ បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ទូ​ទាំង​ប្រទេស​ចិន​ចាប់តាំងពី​ខែសីហា រហូត​ឆ្លង​ដល់​ប្រទេស​វៀតណាម ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខេត្ត​និង​តំបន់​មួយ​ចំនួន​ទៀត នៅ​ភាគ​ខាងជើង​វៀតណាម ។

ពាក់ព័ន្ធ​នឹង​វៀតណាម​ផ្ទុះ​ជំងឺ​ផ្តាសាយ​ជ្រូក​នេះ លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​សុខភាព​អ្នក​ញ៉ាំ​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​លោក​ឧកញ៉ា​បាន​រៀបរាប់​លើ​គណនី​ហ្វេ​ស​បុក​ផ្ទាល់​ថា «​ខ្ញុំ​បាន​អំពាវនាវ​ដល់ តាម​បណ្ដា​កសិដ្ឋាន​ក្រោម​ឱវាទ​ទាំង​ខ្នាត​តូច មធ្យម និង​ខ្នាត​ធំ​ឲ្យ​កោះ​ប្រជុំ​ជា​បន្ទាន់​ដើម្បី​ដាក់​បទបញ្ជារ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​លើ​ជីវ​សុ​វត្តិភាព​ឲ្យ​បាន​ខ្ពស់​បំផុត ។ ទន្ទឹម​គ្នា​នេះ​ផង​ដែរ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជា​កសិករ ដែល​ប្រកប​មុខរបរ​ចិញ្ចឹម​ជ្រូក​ទាំងអស់​គ្នា​សូម​ចូលរួម​បង្ការ​ហានិភ័យ​នេះ ដោយ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​លើ​ជីវ​សុ​វត្តិភាព​ឲ្យ​បាន​ខ្ពស់​បំផុត បើ​មាន​ករណី​នេះ​កើតឡើង​នៅ​តំបន់​ណា សូមកុំ​លាក់​ព័ត៌មាន​និង​ត្រូវ​តែ​យក​សត្វ​នោះ​ទៅ​កប់​ចោល និង​កុំ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ឲ្យ​សោះ នាំ​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​មនុស្ស​» ។

ក្តី​បារម្ភ​ពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ក៏​ព្រោះតែ​ជ្រូក​ដែល​កាប់​សាច់​លក់​លើ​ទីផ្សារ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ មួយ​ចំនួន គឺ​នាំ​ចូល​ពី​វៀតណាម ដោយ​ក្នុង​១​ថ្ងៃ​ៗ កម្ពុជា​ទទួលទាន​សាច់​ជ្រូក​ពី​៤-៥​ពាន់​ក្បាល ហើយ​អាច​នាំ​ចូល​ពី​១-២​ពាន់​ក្បាល នោះ​បើ​យោង​តាម​ស្ថិតិ​របស់​សមាគម​អ្នក​ចិញ្ចឹមសត្វ ៕