រាជធានី​ភ្នំពេញ ៖ ម្ចាស់ផ្ទះ និង​ម្ចាស់​ក្រុមហ៊ុន​មួយ​ចំនួន យក​រថយន្ត និង​ម៉ូតូ មក​ចត​ពីលើ​ចិញ្ចើម​ទាំង​សងខាង នៃ​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​ស្ពាន​នាគ រហូត​ដល់​វិមាន​ឯករាជ្យ ដែល​រដ្ឋបាល​រាជធានី​បាន​រៀប​ការ៉ូឡា​រួច​ទុក​ឲ្យ​ថ្មើរជើង​ដើរ​នោះ ត្រូវ​បាន​អាជ្ញាធរ ខណ្ឌដូនពេញ ចេញ​សេចក្តីជូនដំណឹង មិន​ឲ្យ​មានការ​ចត​យាន្ត​យន្ដ នៅ​លើ​ចិញ្ចើម​ផ្លូវ​ថ្មើរជើង​នេះ​តទៅ​ទៀត​ឡើយ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ បាន​បញ្ជា​ឲ្យ​លោក យស យុ​ទ្ធី អភិបាលរង​ខណ្ឌ​, លោក អែម សម្បត្តិ ប្រធាន​ការិយាល័យ​សណ្ដាប់ធ្នាប់​រាជធានី​ភ្នំពេញ និង​លោក គឹ​ម វុ​ត្ថា ប្រធាន​ប្រជា​ការពារ​ខណ្ឌ សហការ​ចុះ​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ជាមួយ​ការិយាល័យ​សណ្ដាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​រៀបចំ​សណ្ដាប់ធ្នាប់ តាម​បណ្តោយ​ផ្លូវ​នេះ ។

លោក សុខ ពេញ​វុ​ធ បានអោយ​ដឹង​ថា ការ​ហាមឃាត់ យានយន្ដ​គ្រប់​ប្រភេទ មិន​ឲ្យ​មានការ​ឈប់​ចត នៅ​លើ​ចិញ្ចើម​ផ្លូវ​ថ្មើ​ជើង និង​ការ៉ូឡា​ទាំង​សងខាង​ផ្លូវ ខាងលើ​នេះ ដើម្បី​សម្រួល ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ និង​ជា​ផ្លូវ​សម្រាប់​ជន​ពិការ ។ រដ្ឋបាល​ខណ្ឌ សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ គ្រឹះស្ថាន ស្ថាប័ន​ពាក់ព័ន្ធ អាជីវករ​លក់​រថយន្ត ក្រុមហ៊ុន​ឯកជន ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​ខាងលើ ជា​ពិសេស​ដើម្បី​ចូលរួម​ចំណែក​ធ្វើ ឲ្យ​ដងផ្លូវ​សាធារណៈ មាន​សោភ័ណ​ភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ​ប្រសើរ​ថែម​ទៀត ។

សូម​ជម្រាប​ថា ដើម្បី​លើកកំពស់​សោ​ភ័​ណ្ឌ​ភាព និង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សម្រាប់​អ្នក​ថ្មើរជើង​ឲ្យ​បាន​ល្អ​ប្រសើរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ការ៉ូឡា​ថ្មី នៅ​ចិញ្ចើម​មហាវិថី ព្រះ​នរោត្តម ចាប់ពី​រមណីយដ្ឋាន​វត្ត​ភ្នំ ដល់​វិមាន​ឯករាជ្យ ហើយ​គម្រោង​នេះ ក៏​មានការ​រៀបចំ​តម្រាយ​ផ្លូវ​សម្រាប់​ជន​ពិការ​ផង ។ ប៉ុន្តែ​ក្រោយ​ការ​ស្ថាបនា​រួច​ហាក់​មិន​មាន​អ្វី​ប្រសើរ​ឡើង​នោះ​ទេ នោះ​ក៏​ដោយសារ​ប្រជាពលរដ្ឋ​មួយ​ចំនួន និង​ក្រុមហ៊ុន​មួយ​ចំនួន ក៏​ដូច​ជា មន្ត្រីរាជការ​ផង​ដែរ មិន​បាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​បាន​យក​រថយន្ត​ទៅ​ចត​ពាស់ពេញ ការ៉ូឡា​ថ្មី និង​ចិញ្ចើម​ផ្លូវ​ទាំងនេះ ៕