សិល្បៈ៖ ភ្លើងជម្លោះក្តៅគគុករវាងអតីតភរិយាថៅកែផលិតកម្ម LD Picture ជាមួយតារាសម្តែង សាឡាត់ ស្រីឡាង ត្រូវបានរលត់ទៅវិញហើយ ក្រោយពីភាគីសងខាងបានជួបចរចាធ្វើការសម្របសម្រួលគ្នា ។

យោងតាមប្រភពស្និទ្ធនឹងកញ្ញា សាឡាត់ ស្រីឡាង បានឲ្យដឹងថា លោកលៀក លីដា និងអតីតភរិយា បានស្វែងរកដំណោះស្រាយមួយរួមគ្នាមួយដើម្បីបញ្ចប់ជម្លោះ ដោយបានសម្រេចបញ្ចប់ការបញ្ចេញសារទាំងរូបភាព ពាក្យសម្តី និងវីដេអូ ដែលអាចបង្កឲ្យជម្លោះស្នេហាត្រីកោណនេះកាន់តែរីកធំឡើង ។

ប្រភពដដែលបានបន្តថា អតីតភរិយាថៅកែផលិតកម្មផលិតកម្ម LD Picture សម្រេចមិនបន្តទម្លាយរឿងរ៉ាវស្នេហាក្រៅឆាករវាងតារាសម្តែង សាឡាត់ ស្រីឡាង និងលោកលៀក លីដា នោះទៀតទេ ហើយ សាឡាត់ ស្រីឡាង ក៏បញ្ចប់គម្រោងប្តឹងអតីតភរិយាថៅកែផលិតកម្ម LD Picture ទៅកាន់តុលាការពីបទបរិហាកេរ្តិ៍នោះទៀតដែរ។ ការសន្តោសប្រណីដល់មុខកូនស្រីវ័យទើបបីខួប បានធ្វើឲ្យភាគីខាងអតីតភរិយា បន្ទន់ចិត្តចង់បញ្ចប់វិវាទដ៏ស្រួចស្រាវនេះ។

តាមរយៈវីដេអូខ្លីមួយនៅលើគណនីហ្វេសប៊ុករបស់របស់នាង អតីតភរិយាថៅកែផលិតកម្ម LD Picture ដែលមានឈ្មោះថា Panhchaka June នោះ បានទទួលស្គាល់ថា នាងបានជួបជាមួយប្តីតាមរយៈទូរស័ព្ទដៃ ក្នុងការបន្ថយកម្តៅក្នុងរឿងនេះ ព្រោះតែការយល់ដល់កូនស្រីកំពុងរស់នៅជាមួយអតីតស្វាមី។ ទោះជាយ៉ាងណា នាងនៅមិនទាន់ជួបសម្តីផ្ទាល់ជាមួយនឹងសាឡាត់ ស្រីឡាងនៅឡើយទេ។

ក្នុងវីដេអូខ្លីនោះដែរ នាងទទួលស្គាល់ថាការទម្លាយរឿងរ៉ាវដែលលាក់ទុករាប់ឆ្នាំនេះព្រោះតែនាងឈឺចិត្ត និងមួម៉ៅព្រោះមិនបានជួបមុខកូនស្រីក្នុងថ្ងៃខួបកំណើតគម្រប់៣ឆ្នាំ ហើយនាងក៏ទទួលស្គាល់ដែរថាការបែកផ្លូវគ្នាជាមួយអតីតស្វាមីនេះ គឺមិនមែនដោយសារមូលហេតុ សាឡាត់ ស្រីឡាង ជាអ្នកទី៣តែមួយនោះទេ គឺបែកគ្នាព្រោះតែបុគ្គលិកលក្ខណៈអាកប្បកិរិយារវាងខ្លួននាងនិងអតីតស្វាមីមិនត្រូវគ្នា គឺឈ្លោះគ្នាខ្លាំង។ នាងថា មិនមែនមិនដឹងទេ ថាអតីតស្វាមីមានស្រីខាងក្រៅច្រើននោះទេ ប៉ុន្តែនាងក៏មិនចូលចិត្តនឹងអត្តចរិកក្រអឺតក្រទមរបស់សាឡាត់ ស្រីឡាង ពិសេសមួម៉ៅក្រោយពីទទួលដំណឹងថា អតីតស្វាមីទិញផ្ទះតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក និងរថយន្តឲ្យតារាស្រីសាឡាត់ ស្រីឡាង នេះ ខណៈដែលកូនស្រីពៅនាង មិនទទួលបានការទំនុកបម្រុងពីអតីតស្វាមីគឺធ្វើឲ្យនាងខូចចិត្ត និងមួម៉ៅកាន់តែខ្លាំង។

ពេលថ្មីៗនេះដែរ លោក លៀក លីដា ថៅកែផលិតកម្ម LD Picture បានបង្ហោះសារបង្កប់ដោយអត្ថន័យជ្រាលជ្រៅមួយ ពិសេសលោកបានអរគុណអតីតភរិយាដែលទទួលយកការសម្របសម្រួលនេះ។
ចំណែកតារាសម្តែង កញ្ញា សាឡាត់ ស្រីឡាង បានបញ្ជាក់លើកគណនីហ្វេសប៊ុករបស់នាងដោយខ្លីថា៖ រឿងគ្រប់យ៉ាងគឺត្រូវបានដោះស្រាយដោយសន្តិវិធី ខ្ញុំក៏នឹងមានវិឌីអូមួយ សំរាប់អ្នកគ្រប់គ្នាដែលទន្ទឹងរង់ចាំ ។ អរគុណសំរាប់ការស្រលាញ់របស់បងប្អូន៕

សហការី KBN