(ហាណូយ)៖ ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវគេអះអាងថា នឹងធ្វើដំណើរមកដល់ប្រទេសវៀតណាម នៅថ្ងៃទី២៥ ខែកុម្ភៈ មុនការបើកកិច្ចប្រជុំកំពូលលើក​ទីពីរ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧និងទី២៨ ខែកុម្ភៈ​។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់​ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមប្រភពព័ត៌មានខាងលើ លោក គីម នឹងជួបជាមួយក្រុមមន្រ្តីវៀតណាម នៅពេលលោកមកដល់រដ្ឋធានីហាណូយ។ លោក គីម នឹង​ធ្វើទស្សនកិច្ចទៅកាន់ទីតាំងមួយចំនួន រួមមានតំបន់វិស័យផលិតកម្មនៃខេត្ត Bac Ninh ព្រមទាំងក្រុងកំពង់ផែឧស្សាហកម្ម Hai Phong ជាដើម។ ចំណែកឯ លោក Nguyen Phu Trong ដែលជាប្រធានាធិបតីនិងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមនឹង​រៀបចំទទួល​ជួប​ពិភាក្សា​ជាមួយ​ លោក គីម នៅមុនលោកចេញទៅទស្សនកិច្ចនៅឯប្រទេសឡាវ។

បើតាមទីភ្នាក់ងារព័ត៌មាន Reuters មន្រ្តីជំនិតម្នាក់របស់លោក គីម ជុងអ៊ុន គឺលោក Kim Chang Son ត្រូវគេប្រទះឃើញក្នុង​ក្រុងហាណូយ​ កាលពីថ្ងៃសៅរ៍ នៅឯអគារទទួលភ្ញៀវរបស់រដ្ឋាភិបាលវៀតណាម ព្រមទាំងនៅសណ្ឋាគារ Metropole និង Melia ដែលស្ថិតនៅចំកណ្តាល​ទីក្រុង។​

គួរជម្រាបថា ប្រទេសកុម្មុយនិស្តវៀតណាម ដែលបានប្រកាន់យក​ការធ្វើកំណែទម្រង់សេដ្ឋកិច្ច ក៏ដូចជាបានអភិវឌ្ឍន៍​ចំណងការទូតជិតស្និទ្ធ​ជាមួយសហរដ្ឋអាមេរិក ដែលជាអតីតគូសត្រូវរបស់ខ្លួននោះ ត្រូវមនុស្សភាគច្រើនមើលឃើញថា គឺជាគំរូម៉ូដែលមួយនៃការធ្វើកំណែទម្រង់​សម្រាប់​ប្រទេសកូរ៉េខាងជើង៕