ខេត្តបាត់ដំបង ៖ អគ្គី​ភ័យ​បាន​ឆេះ ​ក្លឹប​ខារ៉ាអូខេ​មួយ​កន្លែង​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ ថ្ងៃ​ទី​១៦ ​ខែកុ​ម្ភៈ ឆ្នាំ២០១៩ នេះដែល​ស្ថិត​ក្នុងភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ខណ​:​ដែល​នារី​បំរើ​ខា​រ៉ា​អូរ​ខេ ​ជា​ច្រើន​នាក់​កំពុង​ស្នាក់​នៅ​ទីនោះ តែ​សំណាងល្អ ​មិន​មាន​នរណា​ម្នាក់​គ្រោះថ្នាក់​ឡើយ​ ។

សមត្ថកិច្ច​បាន​រាយការណ៍​ជាបឋម​ថា ក្លឹប​ខា​រ៉ា​អូរ​ខេ​នោះ​ មាន​យីហោ​«​កោះ​តៃវ៉ាន់​» ដែល​មាន​ថៅកែ​ឈ្មោះ​ ថា​ច់ សង្វាត ហៅ វ៉ា​ត ភេទប្រុស ​អាយុ​៥២​ឆ្នាំ​ ។ សមត្ថកិច្ច​បាន​ស្រង់​សំដី​ពី​សាក្សី​ថា អគ្គី​ភ័យ​នោះ​ ទំនង​ផ្ដើម​ចេញពី​ការ​ទុស្សេ​ខ្សែភ្លើង​ នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ ហើយ​ឆាបឆេះ​ទាំងស្រុង​តែ​ម្ដង ដោយ​មិន​អាច​រំដោះ​សម្ភា​រៈអ្វី​បាន​ឡើយ តែ​សំណាងល្អ​នារី​ៗ​ដែល​ស្នាក់​នៅ​ក្នុង​ក្លឹប​នេះ ​បាន​រត់​រួច​ដោយ​សុវត្ថិភាព​ ។

បើ​តាម​លោក ​ថា​ច់ សង្វាត ថៅកែ​ខារ៉ាអូខេ​ខាងលើ​នេះបាន​ប្រាប់​ថា លោក​មិន​បាន​នៅ​ក្នុង​ហេតុ​ការ​ណី​នេះ​ទេ តែ​អ្នកបំរើ​ការ​ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​ បាន​ប្រាប់​លោក​ថា ដំបូង​មាន​ផ្ទុះ​អំ​ពូ​ល​ភ្លើង​ នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ ​ពេល​ពួក​គេ​កំពុង​ដេក ​។លោក​ថៅកែ​បាន​ស្រង់​សំដី​កូនចៅ​ទៀត​ថា ពេល​នោះ​ភ្លើង​ឆេះ​បន្ទប់​ ដែល​មាន​សុទ្ធតែ​អេ​ប៉ុង​ជាតិ​កៅស៊ូ ហើយ​រាលដាល​កាន់តែ​ខ្លាំង ​ដោយ​គ្មាន​អ្នក​ពន្លត់​ទេ ព្រោះ​ពួក​គេ​ម្នាក់​ៗ​ ភ័យ​ស្លន់ស្លោ​សម្រុក​រត់​ចេញ​ក្រៅ ហើយ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​អណ្ដាតភ្លើង​ ឆេះ​ពេញទំហឹង​តែ​ម្ដង​ ។

បើ​តាម​លោក​ថៅកែរូប​នេះ​ បាន​បញ្ជាក់​ថា ក្លឹប​ខារ៉ាអូខេ​នេះ​មាន​៤​បន្ទប់ បាន​ក្លាយជា​ផេះ​ទាំងស្រុង រីឯ​ស​ម្ភា​រផ្សេង​ៗ និង​ទ្រព្យសម្បត្តិ​ដទៃ​ទៀត​ក៏​មិន​អាច​រំដោះ​បាន​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​លោក​ថៅកែ​ចាត់​ទុក​ថា សំខាន់​ជាងគេ​នោះ គឺ​ប្លង់​ដី​ និង​ឯកសារ​គ្រួសារ​របស់​គាត់​ទាំងអស់​ក៏​ស្ថិត​ក្នុង​អណ្ដាតភ្លើង​នេះ​ដែរ​ ។ នេះ​មិន​ទាន់​ដឹង​ថា មាន​មាសប្រាក់​លុយកាក់​ប៉ុន្មាន​នោះ​ទេ ដែល​នៅ​ជាមួយ​គ្នា​នោះ ​។ ទោះ​យ៉ាងណា​នេះ​គ្រាន់តែ​ជា​សេចក្ដី​រាយ​ការ​ណ៏​បឋម​ របស់​ជន​រង​គ្រោះ​ប៉ុណ្ណោះ ខណៈកម្លាំង​ពន្លត់អគ្គីភ័យ​កំពុង​ប្រឹងប្រែង​បាញ់​ទឹក​ពន្លត់​នៅឡើយ ​។ ដូច្នេះ​ការ​ខូចខាត​ពិតប្រាកដ សមត្ថកិច្ច​ជំនាញ​នឹង​ត្រូ​ត​ពិ​និ​យ្យ​ ឬ​សួរនាំ​ជន​រង​គ្រោះ​ដើម្បី​បូក​សរុប​ នៅ​ពេល​ក្រោយ​ ៕