រាជធានីភ្នំពេញ៖ បុរសអភ័ព្វស្នេហ៍ម្នាក់ តាមស្វែងរកប្អនធម៌លូកថ្លើម បេះយកប្រពន្ធទៅបាត់ អស់រយ:ពេលជាង១ខែ ស្រាប់តែនៅល្ងាចថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៩ តាមស្វែងរកឃើញផ្ទះប្រពន្ធនិងប្អូនធម៌នោះ កំពុងសោយសុខជាមួយគ្នា ក៏ស្រែកឡូឡាបង្កឲ្យមានជម្លោះបែកផ្សែង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ូលិស និងមន្ត្រីសង្កាត់មកជួយចាប់បំបែកចេញ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៩ នៅក្នុងបុរីសន្តិភាព២ សហគមន៍៦ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាបងធម៌ឈ្មោះ ង៉ែត ផេង អាយុ៣៩ឆ្នាំ មុខរបរ អាជីវករលក់ដូរ មានទីលំនៅផ្ទះលេខ៣៨ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ស្រីជាអតីតប្រពន្ធ ឈ្មោះ ឈន វ៉ាន់ស៊ីន អាយុ៣៥ឆ្នាំ មុខរបរ ជាអាជីវករ លក់ខោអាវ នៅផ្សារកាណាឌីយ៉ា បច្ចុប្បន្នរស់នៅផ្ទះល្វែង បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ជាមួយបុរសសង្ហាជាប្អូនធម៌របស់ប្ដី ។ ចំណែកបុរសជាប្អូនធម៌ ឈ្មោះ ឈឹម ចាន់ធី អាយុ៣៨ឆ្នាំ ជាមន្ត្រីអាវុធហត្ថខណ្ឌដង្កោ។

បុរសជាបងធម៌ឈ្មោះ ង៉ែត ផេង បានឲ្យដឹងថា គាត់ស្រឡាញ់រាប់អានគ្នាជាមួយបុរសឈ្មោះ ឈន វ៉ាន់ធី ជាមន្ត្រីអាវុធហត្ថខណ្ឌដង្កោ ជាបងប្អូនធម៌អស់រយ:ពេលជាង២ឆ្នាំមកហើយ គឺស្រឡាញ់គ្នាដូចបងប្អូនបង្កើត មិនគួរណាចុងក្រោយ ប្អូនធម៌នេះ ហ៊ានលូកថ្លើមបេះយកប្រពន្ធរបស់គាត់ ក្នុងរូបភាពបន្លំឆបោក ដោយប្រពន្ធប្រើល្បិចថា ឆ្នាំក្រោយគាត់មានអាយុ៤០ឆ្នាំគត់ នឹងនាំមកនូវគ្រោះចង្រៃ ទាល់តែធ្វើជាលែងលះគ្នាបណ្តោះអាសន្នសិន ដើម្បីកុំឲ្យមានគ្រោះថ្នាក់ ហើយទាមទារឲ្យផ្តិតមេដៃ ចាំឆ្នាំផុតគ្រោះនឹងយកគ្នាជាប្ដីប្រពន្ធវិញ គាត់ក៏ជឿសម្តីស្រីជាប្រពន្ធ ព្រមផ្ដិតមេដៃឲ្យប្រពន្ធ ដោយគ្មានសង្ស័យអ្វីឡើយ។

បុរសអភ័ព្វស្នេហ៍បានបន្តថា ខណ:ស្ងាត់ៗ ប្រពន្ធគាត់បានទៅលួចដកលុយពីកុងធនាគារអស់ និងបានប្រើល្បិចសុំគាត់បន្ថែមទៀត សរុបជាង៨ពាន់ដុល្លារ ហើយគេចខ្លួនបាត់អស់រយ:ពេលជាង១ខែ។ ស្រាប់តែនៅល្ងាចថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៩ គាត់តាមស្វែងរកឃើញផ្ទះប្រពន្ធ និងប្អូនធម៌នោះ កំពុងសោយសុខ ក៏ស្រែកឡូឡាបង្កឲ្យមានជម្លោះបែកផ្សែង រឿងបាត់លុយពីក្នុងកុងធនាគារ គាត់ទាមទារសំណង ចំនួន៥៥០០ដុល្លា ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ូលិស និងមន្ត្រីសង្កាត់ជួយចាប់បំបែកចេញ។

បន្ទាប់មក នាព្រឹកថ្ងៃទី១៦ ខែកុម្ភ: ទើបនាំគ្នាមកជជែកដោះស្រាយគ្នា នៅសាលាសង្កាត់ចោមចៅ២ តែមិនដាច់ស្រេច ទើបអាជ្ញាធរ និងសមត្ថកិច្ចពន្យល់ណែនាំ ឲ្យប្តឹងតវ៉ាទៅតុលាការវិញ ។ ចំណែកលុយកាក់បាត់ក្នុងកុងវិញ មានតែទៅសាកសួរនៅខាងធនាគារ ដែលខ្លួនតម្កល់លុយនោះទេ ។

ភាគីអតីតប្រពន្ធ ឆ្លើយយ៉ាងខ្លីថា តុលាការបានចេញសាលក្រម លែងលះគ្នាដាច់ស្រេចហើយ នាងនិងប្ដីមុន គ្មានទាក់ទងអ្វីនឹងគ្នាទៀតទេ ហើយចំពោះលុយនៅធនាគារ ខ្លួនមិនបានលួចឡើយ។ ចំណែកប្រុសសង្ហា ជាមន្ត្រីអាវុធហត្ថ ត្រូវជាប្តីក្រោយរបស់ស្ត្រីខាងលើវិញ ឆ្លើយយ៉ាងខ្លីថា រូបគេមិនបានលួចឆក់ប្លន់យកប្រពន្ធបងធម៌ឡើយ ព្រោះតែឃើញបងធម៌ មានសាលក្រមពីតុលាការ លែងលះគ្នាហើយ ទើបរូបគេហ៊ានយកបងធម៌ស្រីនេះ ធ្វើជាភរិយា ។

ភាគីខាងប្តីដើម ទាមទារលុយខ្លួន៥៥០០ដុល្លារ ដើម្បីជាការបញ្ចប់រឿង តែភាគីប្រពន្ធមិនព្រម បណ្ដាលឲ្យមានការឈ្លោះប្រកែកគ្នាមួយប្រ៉ាវ ទើសមត្ថកិច្ច ចាប់បំបែកឲ្យវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនសិន៕