ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៤នាក់ ពីបទប្រឆាំងរាជការសាធារណៈ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្នុងបឹងសំរោង ភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅ កម្លាំងសម្ថកិច្ច ខណ្ឌព្រែកព្នៅ ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ រួមមាន៖ ទី១ឈ្មោះ ជឿង វឹងលិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាមមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទី២ឈ្មោះ ងៀង យាំងដាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ស្នាក់នៅផ្ទះបែរចិញ្ជឹមត្រី ខណ្ឌឬស្សីកែវ ទី៣ឈ្មោះ យ៉ យ៉ំាងទឹង ភេទប្រុស អាយុ២៨ឆ្នាំជនជាតិវៀតណាម មុខរបរកម្មករ ស្នាក់នៅភូមិឌួងសង្កាត់ព្រែកព្នៅ និងទី៤ឈ្មោះហូ យាំងហុង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានចុះត្រួតពិនិត្យស៊ងចិញ្ចឹមត្រីក្នុងបឹងសំរោងដែលត្រូវហាមឃាត់ និងរុះរើ ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញជនសង្ស័យចំនួន០៤នាក់ខាងលើកំពុងសាងសង់ស៊ងចិញ្ចឹមត្រី ក្នុងតំបន់ហាមឃាត់។

ឃើញដូចនោះកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ក៏បានធ្វើការហាមឃាត់ ប៉ុន្តែក្រុមជនសង្ស័យមិនឈប់ឡើយ។ ពេលនោះកម្លាំងសណ្ដាប់ធ្នាប់ ក៏បានរាយការណ៍ទៅសាលាខណ្ឌព្រែកព្នៅ ។ ក្រោយពីទទួលបានការរាយការណ៍ពីកម្លាំងសណ្ដាប់ធ្នាប់ភ្លាម លោកស៊ឹម សុផង នាយករដ្ឋបាលខណ្ឌបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះ ទៅហាមឃាត់ម្ដងទៀត ប៉ុន្តែជនសង្ស័យខាងលើនៅតែបន្ដធ្វើទៀត រហូតមានទាស់ពាក្យសំដីគ្នា។ ភ្លាមនោះកម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យខាងលើមកអធិការដ្ឋានខណ្ឌព្រែកព្នៅតែម្ដង ។

ជនសង្ស័យទាំង៤នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕