ខេត្តកំពង់ស្ពឺ៖ គូស្នេហ៍វ័យចំណាស់បុរសអាយុ៧០ឆ្នាំ និងស្រ្តីអាយុ៤៤ឆ្នាំ ត្រូវដងត្រូវផ្លែគ្នាចូលផ្ទះសំណាក់រួមរ័កគ្នាបានសម្រេច តែត្រូវម្តាយខាងស្រីបានប្តឹងពីបទរំលោភសេពសន្ថវៈ ត្រូវសមត្ថកិច្ចនគរបាលជំនាញឃាត់ខ្លួនបុរសវ័យចំណាស់នោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

បុរសវ័យចំណាស់ជនសង្ស័យឈ្មោះង៉ែត ស៊ីថុង អាយុ៧០ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង។ ចំណែកភាគីខាងស្រី ឈ្មោះសៀន ចាន់អូន អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

នៅមុនពេលកើតហេតុ បុរសវ័យចំណាស់ឈ្មោះង៉ែត ស៊ីថុង និងភាគីខាងស្រី ឈ្មោះសៀន ចាន់អូន បន្ទាប់ពីត្រូវដងត្រូវផ្លែរួចមក ក៏នាំគ្នាទៅផ្ទះសំណាក់រួមមេត្រីរហូតបានសម្រេច។ លុះចេញពីផ្ទះសំណាក់វិញ ក៏ត្រូវកម្លាំងជំនាញឃាត់ខ្លួនតាមបណ្តឹងរបស់ម្តាយខាងស្រី និងបានបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

តែទោះជាយ៉ាងណា ករណីគូស្នេហ៍វ័យចំណាស់បុរសអាយុ៧០ឆ្នាំ និងស្រ្តីអាយុ៤៤ឆ្នាំ ត្រូវដងត្រូវផ្លែគ្នាចូលផ្ទះសំណាក់ រួមរ័កគ្នាបានសម្រេច ត្រូវម្តាយខាងស្រីបានប្តឹងពីបទរំលោភសេពសន្ថវៈនោះ មិនទាន់ដឹងថាសមត្ថកិច្ចជំនាញ និងតុលាការចាត់វិធានការយ៉ាងណានៅឡើយទេ។ តែយ៉ាងណាសមត្ថកិច្ចជំនាញ និងតុលាការ គួរពិចារណាថា ករណីនេះមិនមែនករណីចាប់រំលោភសេពសន្ថវៈនោះទេ គឺពួកគាត់ទាំង២នាក់ត្រូវដងត្រូវផ្លែគ្នា ហើយពួកគាត់ក៏មានវ័យចំណាស់ហើយដែរ៕