ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យ៤នាក់ជាជនជាតិវៀតណាម ខណៈពេលចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្តាផ្ទះជួល នៅក្នុងភូមិ ក៏ស្រាប់តែបែកធ្លាយករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩នេះ នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ខេត្តស្វាយរៀង ដឹកនាំដោយលោក លឹម សៀវហេង អភិបាលរងក្រុងបាវិត និងលោកស្នងការរងទទួលផែនការ ការងារអន្តោប្រវេសន៍ កម្លាំងនគរបាលស្នងការដ្ឋាន ខេត្តស្វាយរៀង ។

បើតាមការឲ្យដឹង ពីមន្ត្រីនគរបាលក្រុងបាវិត ឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យរដ្ឋបាលតាមផ្ទះជួល បានរកឃើញ និងឃាត់ខ្លួនជនបរទេស៤នាក់ ស្រី៣នាក់ ដែលសុទ្ធតែជនជាតិវៀតណាម ពីបរណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ដោយរឹបអូសបានភស្តុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា (មេតំហ្វេតាមីនអាយ) ចំនួន៣កញ្ចប់ធំ ថ្នាំគ្រាប់ អិចស្តាស៊ី ចំនួន៤០គ្រាប់ និងទូរស័ព្ទដៃចំនួន៥គ្រឿង ។

ក្រោយពីឃាត់ខ្លួនរួច ជនសង្ស័យទាំង៤នាក់ខាងលើ និងភស្តុតាង ត្រូវបានប្រគល់ទៅឲ្យខាងជំនាញគ្រឿងញៀនក្រុងបាវិត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕