ខេត្តកណ្តាល៖ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវនិងថ្ងៃបុណ្យនៃក្តីស្រលាញ់ បុរសម្នាក់បានកើតជម្លោះជាមួយនិងប្រពន្ធខ្លួនឯងជាច្រើនដង រហូតស្ត្រីជាប្រពន្ធទ្រាំមិនបាន បានចេញពីផ្ទះទៅនៅផ្ទះរបស់ឪពុកម្តាយនាងវិញ ធ្វើឲ្យប្តីរបស់នាងខឹង បានទៅតាមដល់ផ្ទះឪពុកម្តាយក្មេក ក្នុងគោលបំណងហៅប្រពន្ធត្រលប់មកវិញ តែពេលនោះប្រពន្ធប្រកែកមិនព្រមមកជាមួយ ប្តីក៏យកដេកទួណឺវីស ចាក់ទៅលើ.ករបស់ប្រពន្ធ បណ្តាលឲ្យធ្លុះចូលក្នុងបំពង់ក រងរបួសធ្ងន់ រួចហើយប្តីតរិច្ឆានរូបនោះក៏បានរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍ខឹងលើនេះ បានកើតឡើងនៅចំណុចភូមិមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ហើយបើយោងតាមការឲ្យដឹងពីមន្ត្រីនគរបាលស្រុកស្អាង បានប្រាប់អ្នកព័ត៌មានថា ស្ត្រីជាប្រពន្ធដែលត្រូវបានប្តីចាក់នោះ មានឈ្មោះ សុខ ផល្លា អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រីឯជនសង្ស័យជាប្តីឈ្មោះ ជួង ជឹម អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ហើយអ្នកទាំង២នាក់មានទីលំនៅនៅភូមិមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

បើតាមការរៀបរាប់ពីអ្នកជិតខាង បានប្រាប់ថា កន្លងមកស្ត្រីរងគ្រោះនិងប្តី រស់នៅពុំសូវចុះសំរុងជាមួយគ្នានោះឡើយ ហើយពួកគេតែងមានជម្លោះជាមួយគ្នាជាញឹកញាប់ រហូតដល់ធ្លាប់លែងលះគ្នាចំនួន៤ដងរួចមកហើយ តែលែងជាប់ៗមិនដាច់សោះ ។ លុះដល់ថ្ងៃបុណ្យនៃក្តីស្រលាញ់ ១៤ កុម្ភៈ ស្ត្រីជាប្រពន្ធក៏មានទំនាស់ជាមួយប្តីដូចរាល់ដង ហើយប្រពន្ធក៏បានចេញពីផ្ទះទៅនៅផ្ទះឪពុកម្តាយរបស់នាង ស្រាប់តែដល់វេលាកើតហេតុខាងលើ បុរសជាប្តីបានទៅរករឿងប្រពន្ធ តាមហៅដល់ផ្ទះឪពុកម្តាយក្មេក តែប្រពន្ធមិនព្រមមកជាមួយ ស្រាប់តែបុរសជាប្តីចូលទៅអូសដៃប្រពន្ធ ទាញចូលចង្ក្រានបាយក្បែរពាងទឹក ហើយទាញយកទួណឺវីស មកចាក់ប្រពន្ធចំបំពង់.ក រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ចំណែកជនសង្ស័យជាប្តីដែលរត់គេចខ្លួននោះ ត្រូវបាននគរបាលជំនាញស្រុក កសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ដើម្បីស្រាវជ្រាវតាមចាប់ខ្លួន ទៅតាមនិតិវិធី ៕