ប្រភព​ពី​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Rasy Single បាន​សរសេរ​ថា ៖ ឃើញ​គេ​ផ្អើល​ទិញ​ដី​ពុះ​ឡូ​តិ៍ យកចំណេញ ចំណេញ លក់​បន្ត បោក​គ្នា​គឺ​អាច តែបើ​យក​សង់ផ្ទះ​គឺ​ចប់​ហើយ សួរ​តើ​អ្នក​បើ​សង់ផ្ទះ​នៅ តើ​អ្នក​ណា​ជា​អ្នក​ចំណាយ​ត​ប្រ​ព​ន្ធ័​ភ្លើង​មេ ប្រ​ព​ន្ធ័​ទឹក​មេ ? ស្មាន​តែ​ថោក​មែន ត​ប្រ​ព​ន្ធ័​មេ​នឹង ? រាប់​ម៉ឺន​ដុល្លារ​បាទ ហើយ​ត​ប្រ​ព​ន្ធ័​បង្ហូរ​នឹង តើ​បង្ហូរ​ទៅ​ណា ? មាន​ប្រ​ព​ន្ធ័​លូ​រដ្ឋ​នៅ ? បង្ហូរ​ចូល​ដី​គេ ដ៏​ពេល​គេ​សង់ផ្ទះ​ដែរ គឺ ស្ទះ​វល់​!! ហើយ ដី​ឡូ​តិ៍ ផ្ទះល្វែង ចង់​សង់ផ្ទះ​ដល់​ណាត់គ្នា​ដង់​ម្តង ៤​ទៅ​៥​ផ្ទះ បាន​មាន​ជាង​សង់​អោយ បើ​សង់​តែឯង គ្មាន​ជាង​ណា​គេ​ទៅ​សង់​ទេ បើ​មាន​ក៏​ថ្លៃ​កប់​ពពក​ដែរ ហើយ​សង់​តើ​បុក​គ្រឺះ​ម៉េច ? បុក​ហើយ​ធ្វើ​ជើង​តាង​ចូល​ដី​គេ តើ​គេ​ព្រម​ទេ ?

មាន​តែ​បុក​ក្នុង​ដី​ខ្លួនឯង ហើយ​ធ្វើ​សសរ​ខុស​អ​ក្ស័ ធ្វើ​បាន​តែ​តំលៃ​ថ្លៃ​ណាស់ ចុះ​ជញ្ជាំង​រួម គិច ? ប្លង់​សេ​ទុក​ដែក​អោយ​គេ​ត​រឺ​ម៉េច ? ធ្វើ​មិន​ស្រួល​ឈ្លោះ​គ្នា​វល់ ជាមួយ​ម្ចាស់​ដី​ជាប់​គ្នា​នឹង ហើយ​សង់​ហើយ​មាន​ប្រ​ព​ន្ធ័​ភ្លើង​មេ ប្រ​ព​ន្ធ័​ទឹក​មេ ត​ចូល​ផ្ទះ​អត់ ? ឈប់​បាន គួរតែ​ឈប់​ទៅ អាណិត​ខែ្ម​រ​អ្នកក្រ​ទេ បាន​ចេះ​តែរ​ពិស​ម៉ាត់​ប្រាប់​ទៅ អ្នកមាន​គ្មាន​អ្នក​ណា​ភ្លើ​ទៅ​ទិញ​ដី​ពុះ​ឡូ​តិ៍ ដ៏​សែន​ឆ្ងាយ​ចឹ​ង​ទេ​!!! បើ​ចង់​ទិញ​ដី​ពុះ​ឡូ គួរតែ​មើល​តើ​មាន​ប្រ​ព​ន្ធ័​ដូច​បាន​ប្រាប់​ខាងលើ​ទេ ? បើ​មាន​ចាំ​ទិញ ឈប់​ល្ងង់​ចាញ់បោក​ពួក​អា​ពុះ​ឡូ​តិ៍ នឹង​អោយ​វា​ធ្វើ​អ្នកមាន​លើ​កម្លាំង​ញឹ​ស​ឈាម​អ្នកក្រ​ទៀត​ទៅ បំណង​ល្អ​ពី​វិស្វករ​ខ្មែរ​មួយ​រូប ។

ខាងលើ​នេះ​លោក Rasy Single ជា​វិស្វករ​ចង់​បង្ហាញ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ អោយ​បានដឹង ពី​ការ​លំបាក​នៃ​ការ​សង់ផ្ទះ​នៅ​លើ​ដី​ពុះ​ឡូ​តិ៍ ។

បើ​និយាយ​រឿង ដី​ពុះ​ឡូ​តិ៍លក់​វិញ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ប្រកាស​លក់​ផ្ទះល្វែង ដី​ឡូ​តិ៍​នៅ​តាម​ជាយក្រុង​ភ្លូកទឹកភ្លូកដី ក្នុង​តម្លៃ​ថោក​ៗ បង់​រំលស់​មិន​ចាំបាច់​មាន​លុយ​កក់​មុន គ្មាន​ការ​ប្រាក់​ជាដើម ប៉ុន្តែ​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីក្រសួង​ដែនដី និង​ឧកញ៉ា​ល្បីឈ្មោះ​ផ្នែក​អចលនទ្រព្យ​មួយ​រូប ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ប្រយ័ត្ន​យក​លុយ​ឲ្យ​គេ​ទទេ​ៗ ។

លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយ៍កម្ម​និង​សំណង់ ធ្លាប់​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ពុះ​លក់​ដី​ឡូ​តិ៍​មួយ​មានឈ្មោះ​ជាង​២០​ឆ្នាំ​ហើយ បាន​បោកប្រាស់​លុយ​ប្រជាជន ដោយ​យក​ដី​គេ​មក​ដាក់​លក់ ហើយ​ចាយ​៤០០​ដុល្លារ សម្រាប់​លើក​ផ្លា​ក​ប៉ាន់​ណូ​បំភាន់​ភ្នែក ។

ចំណែកឯ​លោក​ឧកញ៉ា​សៀ ឫ​ទ្ធី ស្ថាបនិក​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​រឿង ផ្ទះ ដី​ឡូ​តិ៍ ប្រកាស​លក់​ថោក​ៗ​ពេញ​ហ្វេ​ស​ប៊ុ​ក​ត្រឹម​១​ម៉ឺន​ដុល្លារ ២​ម៉ឺន​ដុល្លារ គ្មាន​ការ​ប្រាក់ គ្មាន​លុយ​កក់ ប្រយ័ត្ន​ចាញ់បោក ។

លោក​ឧកញ៉ា​បន្ត​ថា ប្រជាពលរដ្ឋ​គួរ​ប្រយ័ត្ន​ពីព្រោះ​បើ​និយាយ​ពី​វិស័យ​អចលនទ្រព្យ មិនដឹង​ថា នរណា​ជា​នរណា​ទេ ។ ឧទាហរណ៍​ថា អ្នកលក់​មាន​ដី​មួយ​ឡូត៍​ពុះ លក់​នៅ​ក្នុង​ប្លង់​មេ មិន​បាន​ដាក់​ថា កន្លែង​ណា​លូ ? កន្លែង​ណា​ផ្លូវ​ទេ ? ហើយ​នៅ​ពេល​ដែល​រដ្ឋ​ចេញ​ច្បាប់​មក​ត្រូវ​ថយ ត្រូវ​កាត់ អ្នក​ដែល​ប៉ះពាល់​គឺ​អ្នកទិញ​នោះ​ហើយ ។ ដូច្នេះ​នៅ​ពេល​មាន​បញ្ហា តើ​ទៅ​សួរ​អ្នក​ណា ? តើ​អ្នក​ណា​ជា​អ្នក​ដោះស្រាយ ?

មក​ដល់​ចំណុច​នេះ​លោក​ឧកញ៉ា សៀ ឫ​ទ្ធី មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ « បើ​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​លើកទឹកចិត្ត​គាត់​ឱ្យទៅ​ទិញ​ដី ផ្ទះ​ទាំងនោះ​ទេ មុន​នឹង​ទិញ​ត្រូវ​ពិនិត្យ​មើល​ក្រុមហ៊ុន​ឱ្យ​បាន​ច្បាស់លាស់ បើ​គ្រាន់តែ​ជា​បុគ្គល​ម្នាក់​ប្រជាពលរដ្ឋ​មិន​គួរ​ប្រថុយ​នោះ​ទេ បើ​ប្រថុយ​មនុស្ស​ម្នាក់​យក​លុយ​យើង​បាត់ តើ​យើង​ទៅ​រករឿង​អ្នក​ណា ? បើជា​ក្រុមហ៊ុន​មាន​រដ្ឋ​ជា​អាណាព្យាបាល​ការពារ ហើយ​ចំពោះ​បុគ្គល​ពន្ធ​ក៏​មិន​បង់ ឈ្មោះ​ក្រុមហ៊ុន​ក៏​មិន​មាន​» ។

លោក ជា សុ​ផា​រ៉ា និង​លោក​ឧកញ៉ា សៀ ឫ​ទ្ធី ដើម្បី​ចៀស​សវាង​ករណី​ទិញ​ដី​ឫ​ផ្ទះ​ចាញ់បោក​គេ ត្រូវ​សិក្សា​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១-​ត្រូវ​សិក្សា​ផ្លូវច្បាប់​ឱ្យ​បាន​ច្បាស់លាស់ ថា​តើ​ដី​នៅ​តំបន់​នោះ ស្ថិត​នៅ​ក្នុង​ដី​ប្រភេទ​ណា ? ជា​ដី​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ឬទេ ? តើ​មានច្បាប់​អនុញ្ញាត​ឱ្យ​ពុះ​លក់​ឬ​ក៏​អត់ ? តាម​រយៈ​ការ​ស៊ើបសួរ​ពី​អាជ្ញាធរ និង​មេ​ភូមិ មេឃុំ​ជាដើម​។

២-​ប្រជាពលរដ្ឋ​ត្រូវ​សិក្សា​មើល​ថា ជា​ក្រុមហ៊ុន​អ្វី ? មាន​ចុះបញ្ជី​ច្បាស់លាស់​ឬ​ក៏​អត់ ?

៣-​ត្រូវ​ពិចារណា​ថា ដី ឫ​ផ្ទះ​លក់​ថោក​ៗ​គ្មាន​ការ​ប្រាក់ គ្មាន​ប្រាក់​កក់​នោះ ប្រាកដជា​មិន​អាច​ទុកចិត្ត​បាន​ទេ ទោះ​តម្លៃ​ត្រឹម ៥០០០​ដុល្លារ ឫ​៦០០០​ដុល្លារ តែ​នេះ​ជា​លុយ​ដែល​ប្រជាពលរដ្ឋ​ខំរ​កដោយ​លំបាក ជា​ញើស​ជា​ឈាម​យក​ឱ្យ​គេ​ស្រួល​ៗ​ម្ល៉េះ ?