ភ្នំពេញ៖ ការប្រកាសចាប់ផ្ដើមដំណើរការជាផ្លូវការ នៃនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ គ្រប់មុខទំនិញទាំងអស់ លើកលែងតែអាវុធ ហៅកាត់ថា EBA ពីកម្ពុជា របស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១២ កុម្ភៈនេះ អាចបណ្ដាលឱ្យកម្ពុជា ត្រូវខាតបង់ជិត៧០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដោយសារតែការតម្រូវឱ្យបង់ពន្ធ ផលិតផលនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

ដើម្បីស្វែងយល់ពីបញ្ហាគួរឲ្យព្រួយបារម្ភនេះ សូមអានអត្ថបទពន្យល់របស់គណៈកម្មការអឺរ៉ុប ភាគ១ កាលពីថ្ងៃទី១១ ខេកុម្ភៈ ឆ្នាំ២០១៩ ដែលមានខ្លឹមសារដើមដូចខាងក្រោម៖

សំណួរ៖ តើអ្វីទៅជាកម្មវិធីអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ»?

ចម្លើយ៖ កម្មវិធីអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា EBA គឺជាផ្នែកមួយនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ Generalized Scheme of Preferences ឬ GSP) របស់សហភាពអឺរ៉ុប ផ្ដល់ឱ្យដល់ក្រុមប្រទេសកំពុងអភិវឌ្ឍ។ ក្រោមកម្មវិធីអនុគ្រោះពន្ធ EBA នេះ សហភាពអឺរ៉ុបផ្ដល់ឱ្យជាឯកតោភាគី ឬដោយខ្លួនឯង នូវលទ្ធភាពនាំចេញផលិតផលគ្រប់មុខទំនិញសព្វសារពើ លើកលែងតែអាវុធ និងគ្រាប់រំសេវតែប៉ុណ្ណោះ ទៅកាន់ទីផ្សារតែមួយរបស់សហភាពអឺរ៉ុប ដោយមិនចាំបាច់បង់ពន្ធ និងដោយគ្មានកូតាកំណត់ ដល់បណ្ដារដ្ឋទាំងអស់ ដែលត្រូវចាត់ចូលក្នុងជំពូកជាក្រុមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចបំផុត (LDC) របស់អង្គការសហប្រជាជាតិ។

កម្មវិធីអនុគ្រោះពន្ធ EBA ក៏ដូចជាប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ទាំងមូលដែរ មានគោលដៅជួយដល់ក្រុមប្រទេសកំពុងអភិវឌ្ឍ ក្នុងកិច្ចប្រឹងប្រែងឈានទៅកាត់បន្ថយភាពក្រីក្រ លើកកម្ពស់អភិបាលកិច្ចល្អ និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចិរភាព ដោយជួយជ្រោមជ្រែង ក្រុមប្រទេសទាំងនោះ ឱ្យបង្កើតចំណូលបន្ថែម តាមរយៈការធ្វើពាណិជ្ជកម្ម ឬជំនួញអន្តរជាតិ។

លទ្ធភាពនៃការទទួលបានកម្មវិធីអនុគ្រោះពន្ធ EBA នេះ គឺស្ថិតក្រោមលក្ខខណ្ឌដែលថា ប្រទេសទទួលអត្ថប្រយោជន៍ ពីកម្មវិធីអនុគ្រោះពន្ធនេះ ត្រូវគោរពតាមគោលការណ៍ស្នូលទាំង ១៥ ស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិការងារ (ដូចដែលមានគូសបញ្ជាក់ក្នុងឧបសម្ពន្ធទី៨ ជំពូក ក នៃបទប្បញ្ញត្តិស្ដីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ របស់សហភាពអឺរ៉ុប) របស់អនុសញ្ញាអង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ (ILO)។

សំណួរ៖ តើអ្វីទៅជាមូលដ្ឋានដែលនាំឱ្យសហភាពអឺរ៉ុប ចាប់ផ្ដើមដំណើរការនីតិវិធី ដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ចេញពីប្រទេសទទួលបានអត្ថប្រយោជន៍វិញនោះ?

ចម្លើយ៖ លក្ខខណ្ឌ និងនីតិវិធីនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA បណ្ដោះអាសន្ននេះ មានចែង ក្នុងមាត្រា១៩ នៃបទប្បញ្ញត្តិស្ដីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហភាពអឺរ៉ុប។ លទ្ធភាពនៃការដកហូតបណ្ដោះអាសន្ន ដោយតម្រូវឱ្យបង់ពន្ធទាំងស្រុង ឬបង់ពន្ធលើមុខទំនិញមួយចំនួន កើតមានឡើងក្នុងករណីដែលមានការរំលោភបំពានធ្ងន់ធ្ងរ និងជាប្រព័ន្ធនៃគោលការណ៍ស្នូលទាំង១៥ ចែងក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ (ILO)។

គណៈកម្មការអឺរ៉ុប អាចផ្ដួចផ្ដើមគំនិត ឱ្យបើកការស៊ើបអង្កេត ប្រសិនបើខ្លួនពិចារណាឃើញថា មានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីបង្ហាញភស្តុតាងជាក់លាក់ តម្រូវឱ្យដកហូតបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធនេះ។ ការសម្រេចធ្វើដូច្នេះ គឺផ្អែកលើការវិភាគតាមករណីជាក់ស្ដែងមួយៗ ហើយអាស្រ័យតាមបរិបទជាក់ស្ដែងនៃប្រទេស ទទួលអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធនេះ។ ក្នុងការវាយតម្លៃនេះ គណៈកម្មការអឺរ៉ុប ប្រើប្រាស់ប្រភពសំខាន់ៗ មួយចំនួន ក្នុងនោះរួមមានរបាយការណ៍ និងអនុសាសន៍នានា ចេញដោយស្ថាប័នអង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ ក៏ដូចជាព័ត៌មានបន្ថែមទទួលបានពី គណៈប្រតិភូអឺរ៉ុបប្រចាំប្រទេសទទួលអត្ថប្រយោជន៍ រដ្ឋសមាជិកអឺរ៉ុប សភាអឺរ៉ុប សង្គមស៊ីវិល ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ ស្ថាប័នអប់រំ ឬព័ត៌មានបញ្ជូនដោយផ្ទាល់ពីក្រុមប្រទេសទទួលអត្ថប្រយោជន៍ ទៅកាន់គណៈកម្មការអឺរ៉ុបតែម្ដង។

ឯកសារ និងរបកគំហើញនានារបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ ពិនិត្យមើលលើទម្រង់ និងផលប៉ះពាល់ ព្រមទាំងវិសាលភាព និងប្រេវ៉ាឡង់ ឬភាពទូទៅ នៃករណីរំលោភបំពាននេះ។ សហភាពអឺរ៉ុប ក៏អាចរៀបចំឱ្យមានជាបេសកកម្មស្វែងរកការពិតមួយ ដើម្បីវាយតម្លៃផ្ទាល់ចំពោះស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសទទួលអត្ថប្រយោជន៍។

សំណួរ៖ តើការចាប់ផ្តើមដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ មានន័យថា កម្ពុជា នឹងត្រូវបាត់បង់ភ្លាមៗនូវការមិនយកពន្ធពីសហភាពអឺរ៉ុបនេះ តែម្ដង ឬយ៉ាងណា?

ចម្លើយ៖ មិនមែនមានន័យដូច្នេះទេ។ គួរគូសបញ្ជាក់ថា នៅមិនទាន់មានការសម្រេចចិត្តណាមួយ ជុំវិញថា តើត្រូវដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធនេះនៅឡើយទេ។ ការចាប់ផ្តើមដំណើរការដកហូតនេះ មិនមែនមានន័យថា ជាការឈានទៅរកការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយស្វ័យប្រវត្តិតែម្ដងនោះទេ។ វាគ្រាន់តែស្ដែងឱ្យឃើញពីការចាប់ផ្ដើមនូវដំណាក់កាលថ្មីមួយ ក្នុងដំណើរការចូលរួមកែលម្អជាមួយកម្ពុជា ដែលបានចាប់ផ្ដើមកាលពីខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីមានសេចក្ដីសន្និដ្ឋានរបស់ក្រុមប្រឹក្សាកិច្ចការបរទេសរបស់សហភាពអឺរ៉ុប។

ជំហាននេះ នឹងចាប់ផ្ដើមជាមួយនឹងរយៈពេលមួយនៃការតាមដាន និងការវាយតម្លៃ និងនៃការប្រាស្រ័យទាក់ទងជិតដិត រវាងកម្ពុជា និងគណៈកម្មការអឺរ៉ុប។ ក្នុងអំឡុងរយៈពេលនេះ គណៈកម្មការអឺរ៉ុប ផ្ដល់ឱកាសគ្រប់បែបយ៉ាងដល់ភាគីកម្ពុជាឱ្យធ្វើកិច្ចសហប្រតិបត្តិការ។ គោលដៅរបស់សហភាពអឺរ៉ុប គឺនៅតែជួយគាំទ្រកម្ពុជា ឱ្យចាត់វិធានការចាំបាច់នានា ដើម្បីដោះស្រាយកង្វល់នានា និងដើម្បីរក្សាស្ថានភាពបច្ចុប្បន្ននៃការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។ ការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ នៅតែជាវិធានការចុងក្រោយមួយ ក្នុងករណីដែលជំហ៊ានថ្មី នៃការចូលរួមកែលម្អនេះ បរាជ័យមិនអាចបង្កើតបាននូវលទ្ធផលដូចតាមការចង់បាននោះទេ។

សំណួរ៖ តើអ្វីទៅជាជំហានបន្ទាប់នៃនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ?

ចម្លើយ៖ នីតិវិធីដកហូតបណ្ដោះអាសន្ន ចាប់ផ្ដើមជាផ្លូវការជាមួយនឹងការបោះពុម្ពផ្សាយ នូវសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ក្នុងព្រឹត្តិបត្រផ្លូវការរបស់សហភាពអឺរ៉ុប ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩។ ហេតុការណ៍នេះ នឹងបន្តដោយរយៈកាលតាមដាន និងវាយតម្លៃ ៦ខែបន្ទាប់ទៀត។ ក្នុងអំឡុងពេល ៦ ខែនេះ គណៈកម្មការអឺរ៉ុប នឹងផ្ដល់ឱ្យកម្ពុជា នូវរាល់ឱកាសគ្រប់យ៉ាងក្នុងកិច្ចសហប្រតិបត្តិការ ហើយនឹងធ្វើការប្រមូលនូវរាល់ព័ត៌មានចាំបាច់នានា។

នៅពេលចប់រយៈពេល ៦ ខែនេះហើយ បន្ទាប់មកទៀត នឹងត្រូវបន្តដោយរយៈពេល ៦ខែ ផ្សេងមួយទៀត ដើម្បីចងក្រងជារបាយការណ៍ ស្ដីពីរបកគំហើញ និងដើម្បីធ្វើការសន្និដ្ឋានជាផ្លូវការ ដែលមានទម្ងន់តាមផ្លូវច្បាប់។ កម្ពុជា ក៏នឹងត្រូវអញ្ជើញឱ្យធ្វើប្រតិកម្មតបជាផ្លូវការ ចំពោះរបាយការណ៍បឋមនៃរបកគំហើញនេះ។

ក្នុងករណីដែលគណៈកម្មការអឺរ៉ុប សម្រេចមិនដកប្រព័ន្ធអនុគ្រោះពន្ធនេះ សេចក្ដីសម្រេចស្ថាពរ ធ្វើឡើងជាទម្រង់នៃសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលក្នុងនោះដែរ បណ្ដារដ្ឋសមាជិកក៏នឹងត្រូវបានពិគ្រោះយោបល់ជាមួយផងដែរ។
ផ្ទុយទៅវិញ ក្នុងករណីគណៈកម្មការអឺរ៉ុប សម្រេចធ្វើការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះជាបណ្ដោះអាសន្ន នោះសេចក្តីសម្រេចស្ថាពរ នឹងត្រូវឆ្លុះបញ្ចាំងក្នុងបទប្បញ្ញត្តិរបស់គណៈកម្មការអឺរ៉ុប ដែលត្រូវបានអនុម័តក្រោយពេលស្នើសុំយោបល់ពីសភាអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប។ ការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ អាចចូលជាធរមានបាន នៅក្រោយរយៈពេល ៦ខែ ជាប់គ្នាបន្ថែមទៀត។

សំណួរ៖ ប្រសិនបើនៅចុងបញ្ចប់នៃនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ មានការសម្រេចចិត្តថា ត្រូវតែដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ តើគណៈកម្មការអឺរ៉ុប នឹងដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ ទាំងស្រុងតែម្ដង ឬដកហូតតែទៅលើមុខទំនិញមួយចំនួនណានោះទេ?

ចម្លើយ៖ ផ្អែកតាមបទប្បញ្ញត្តិ នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប ជម្រើសទាំងពីរនេះ សុទ្ធតែអាចកើតមានឡើងបាន មានន័យថា អាចជាការដកហូតប្រព័ន្ធអនុគ្រោះពន្ធដោយផ្នែក ឬទាំងស្រុងនោះ ក៏ថាបាន។

សំណួរ៖ តើអ្វីទៅជាកង្វល់ចម្បងៗរបស់សហភាពអឺរ៉ុប ដែលបណ្ដាលឱ្យឈានទៅដល់ ការដាក់ចេញនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ?

ចម្លើយ៖ សហភាពអឺរ៉ុប បានដាក់ចេញនូវកង្វល់នានារបស់ខ្លួន ក្នុងព្រឹត្តិការណ៍មួយចំនួន ក្នុងនោះរួមមាន សេចក្ដីសន្និដ្ឋានរបស់ក្រុមប្រឹក្សាកិច្ចការបរទេសរបស់សហភាពអឺរ៉ុប ខែកុម្ភៈ ឆ្នាំ២០១៨ ដោយស្ថាប័នសេវាកម្មគណៈកម្មការអឺរ៉ុប និងស្ថាប័ន EEAS ក្នុងអំឡុងពេលពេញលេញនៃការចូលរួមកែលម្អជាមួយកម្ពុជា។ កង្វល់ទាំងអស់នេះ ផ្តោតលើវិស័យចម្បងៗ ចំនួនបី គឺសិទ្ធិនយោបាយ និងការបង្រួមលំហប្រជាធិបតេយ្យរបស់គណបក្សប្រឆាំង និងសង្គមស៊ីវិល បញ្ហាការងារ និងការកាត់បន្ថយសេរីភាពនៃសមាគម និងសិទ្ធិចុះអនុសញ្ញារួម និងកង្វល់ជុំវិញការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ជាពិសេសពាក់ព័ន្ធនឹងការផលិតស្ករអំពៅ៕