ខេត្តឧត្តរមានជ័យ ៖ កម្មករយានដ្ឋានជួសជុលគ្រឿងយន្តម្នាក់ រងរបួសធ្ងន់ ខណៈយកម៉ូទ័រទៅកាត់ធុងសាំង ចំណុះ២០០លីត្រ ខុសបច្ចេកទេស បណ្ដាលឲ្យផ្ទុះលាន់ឮដូចគ្រាប់បែក ។ ករណីផ្ទុះធុងសាំងនេះ បានកើតឡើង នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចយានដ្ឋានជួសជុលគ្រឿងយន្ត របស់ឈ្មោះ សួស សាវិន ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ។

ជនរងគ្រោះមានឈ្មោះ ឈុត ហៃ ភេទប្រុស អាយុ១៥ ឆ្នាំមុខរបរកម្មករ រស់នៅភូមិសង្កាត់កើតហេតុ រងរបួសជើងឆ្វេង។ មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូទ័រទៅកាត់ធុងសាំង ចំណុះ២០០លីត្រ (ធុងទទេរគ្មានប្រេង) ។ ខណៈយកបំពងខ្យល់ទៅបាញ់ទម្លុះធុងសាំង ដោយមិនបានមួលគម្របធុងជាមុន ទើបបណ្តាលឲ្យផ្ទុះ បណ្ដាលឲ្យរងរបួសធ្ងន់បែបនេះតែម្ដងទៅ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យ៕