រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បើក​ការ​ស៊ើបសួរ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​រួច​មក​លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​សួរ​បាន​បង្គាប់ ឲ្យ​មន្ត្រី​ពន្ធនាគារ​នាំ​ជន​ជនសង្ស័យ​ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ រង់ចាំ​ជំនុំជម្រះ​លើក​ក្រោយ​ទៀត ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៩ នេះ​ចៅក្រម​ស៊ើបសួរ​បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស ឲ្យ​នាំ​ខ្លួន​ជនជាប់សង្ស័យ​ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ យក​មក​សាកសួរ​បន្ថែម ដែល​ជាប់​ពាក់ព័ន្ធ​ជុំវិញ​សំណុំរឿង​បទ​«​ញុះញង់​អោយ​មានការ​រើសអើង» ​នោះ ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ យិ​ន ហេង ហៅ ចំប៉ី​ខ្មៅ ភេទ​ទី​៣ មាន​អាយុ​២៣​ឆ្នាំ កើត​នៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ខេត្តព្រះវិហារ ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​ល្ងាច​ថ្ងៃ​ទី​៦ កុម្ភៈ បន្ទាប់​ពី​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​«​ញុះញង់​ឲ្យ​មានការ​រើសអើង​» តាម​មាត្រា​៤៩៤ និង​៤៩៦ នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ ដែល​តាម​មាត្រា​នេះ​តម្រូវ​ឲ្យ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ។

ក្រោយ​ពេល​មាន​បង្ហោះ​សារ​វី​ដេ​អូ ជេរ​ដៀល​ត្មេះ​ពូជសាសន៍​ជាតិខ្មែរ​ធ្ងន់​ៗ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចំប៉ី​ខ្មៅ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ កុម្ភៈ នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​ទឹកដី​ខណ្ឌដូនពេញ ៕