ខេត្តកំពង់ធំ៖ សាកសពស្រ្តីមានសតិមិនល្អម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ យ៉ាងអាណោចអាធ័មនៅលើគំនរផេះភ្លើងឆេះព្រៃ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ។ សពជនរងគ្រោះឈ្មោះ មាន ទីន ភេទស្រី អាយុ២៧ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់ រស់នៅភូមិឃុំខាងលើ។

សពជនរងគ្រោះត្រូវបានគេប្រទះឃើញ ដេកផ្ងាពោះក្បែរព្រៃ និងត្រូវភ្លើងឆេះខោអាវ អស់ និងឆេះរោលខ្លោចពេញខ្លួន ក្រៅពីស្នាមភ្លើងឆេះ ពុំមានស្នាមរបួសអ្វីផ្សេងទៀតឡើយ។ បើតាមការបំភ្លឺពីឈ្មោះ ឡឹង តុ អាយុ៥០ឆ្នាំ ត្រូវជាម្តាយសព បានបញ្ជាក់ថា កូនគាត់មានជំងឺវិកលចរិក តាំងពីក្មេងមកម្លេះ រហូតដល់បច្ចុប្បន្ន ចេះតែដើរចូលដេកក្នុងព្រៃគ្មានទិសដៅពិតប្រាកដទេ ជួនកាលចេញពីផ្ទះពីព្រឹក រហូតដល់ល្ងាច ឬយប់ទើបមកផ្ទះវិញដោយខ្លួនឯង ពេលខ្លះគាត់ និងប្តីតាមរកឃើញ ក៏នាំមកផ្ទះវិញ។ លុះថ្ងៃទី១២ ខែកុម្ភៈ ម៉ោងប្រហែល៦ព្រឹកកូនគាត់ចេញពីផ្ទះដូចសព្វដង ហើយគាត់បានតាមរកគ្រប់កន្លែងដែលកូនធ្លាប់ទៅ តែរកមិនឃើញ រហូតបាត់មួយយប់។

លុះដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោងប្រហែល១១ គាត់បានទៅរកម្តងទៀត ស្រាប់តែឃើញកូនស្រីគាត់ ដេកស្លាប់ក្បែរព្រៃមានដំបូកមានដើមស្តៅ ហើយមានស្នាមភ្លើងឆេះពេញខ្លួន បន្ទាប់មកក៏រាយការណ៍ជូនសម្ថកិច្ចតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា នៅជុំវិញកន្លែងដែលជនរងគ្រោះដេកស្លាប់នោះ កាលពីរសៀលម៉ោង៣ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ មានភ្លើងឆេះកញ្រ្ជាំងស្រូវ និងឆេះព្រៃផងដែរ តែគ្មាននរណាចាប់អារម្មណ៍ថា ជនរងគ្រោះត្រូវភ្លើងឆេះស្លាប់នោះទេ៕