ភ្នំពេញ៖ សាលាឧទ្ធរណ៍បានបើកសវនាការ ប្រកាសសាលដីកាលើសំណុំរឿងអតីតឧកញ៉ា ហូរ ចំរើន នៅព្រឹកថ្ថៃទី១៤ ខែកម្ភ: ឆ្នាំ២០១៩នេះ ដោយសម្រេចមិនអនុញ្ញាតឱ្យអតីតឧកញ៉ា ហូរ ចំរើន នៅក្រៅឃុំនោះទេ និងបន្តឃុំខ្លួនក្នុងពន្ធនាគារ តាមអំណាចសាលក្រមសាលាដំបូង រាជធានីភ្នំពេញ ដដែល។

ការប្រកាសសាលដីការនាព្រឹកមិញនេះ មានវត្តមានលោក ឃុន លាងម៉េង ជាប្រធានក្រុមប្រឹក្សា និងក្រឡាបញ្ជី លោកស្រី ប៉េស រីណា ប៉ុណ្ណោះ ឯជនត្រូវចោទ ហូរ ចំរើន និងមេធាវី អវត្តមាន ។ ប៉ុន្តែសាលាឧទ្ធរណ៍ទុកសិទ្ធិប្តឹងតវ៉ាតាមកំណត់ច្បាប់។

លោក ទូច ថារិទ្ធិ អ្នកនាំពាក្យសាលាឧទ្ធរណ៍ ធ្លាប់បានបានថ្លែងឲ្យដឹងថា លោក ហូរ ចំរើន ជាប់ចោទលើករណី «ទី១៖សំណុំរឿងសភាស៊ើបសួរលេខ ៣១ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងទី២៖សំណុំរឿងសភាស៊ើបសួរលេខ ៣២ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បទល្មើស ឆបោក»។

អតីតឧកញ៉ា ហូរ ចំរើន ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែ ក្នុងបទចោទប្រើប្រាស់អាវុធ បាញ់បោះគំរាមសម្លាប់ប្រពន្ធ ប្រព្រឹត្តនៅក្នុងភូមិគ្រឹះដ៏ស្តុកស្តម្ភរបស់ខ្លួន ក្បែរគុកព្រៃស។
អតីតឧកញ៉ា ហូរ ចំរើន ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ពាក់ព័ន្ធករណី បាញ់បោះជិត១០គ្រាប់ ផ្អើលសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីសាលាឧទ្ធរណ៍បានបើកសវនាការ ប្រកាសសាលដីកា សម្រេចមិនអនុញ្ញាតឱ្យអតីតឧកញ៉ា ហូរ ចំរើន នៅក្រៅឃុំនោះទេ និងបន្តឃុំខ្លួនក្នុងពន្ធនាគារ តាមអំណាចសាលក្រមសាលាដំបូង រាជធានីភ្នំពេញ ដដែលនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនងឿងឆ្ងល់ថា ករណីអ្នកខ្លះទៀតបាញ់បោះដូចអតីតឧកញ៉ា ហូរ ចំរើន ដែរ ហើយបាញ់គ្រាប់អស់ច្រើនជាងអតីតឧកញ៉ា ហូរ ចំរើន ផង ហេតុអ្វី តុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល មិនបានមួយដង្ហើមចង្រិតទៅវិញ?៕