ភ្នំពេញ ៖ ស្នេហា​ថ្មីថ្មោង រវាង​បុរស​ជនជាតិ​ចិន​ម្នាក់ និង​នារី​ខ្មែរ​ម្នាក់ បាន​ឈាន​ដល់​ការ​ប្តឹង​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន ក្រោយ​ពី​រូបគេ​យក​ដុំ​ថ្ម​ទៅ​គប់​កញ្ចក់​រថយន្ត​ភាគី​ខាង​ស្រី​បណ្តាល​ឲ្យ​បែក ។

ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ចហាង​អង្គរធំ ផ្លូវ​១០១៩ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ប្រភព​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ XUB0 ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ក្នុង​រោងចក្រ គា​ណា​ឌី​យ៉ា ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ពស​ធរ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ខោអាវ ស្នាក់​នៅផ្ទះ​លេខ​៣ ផ្លូវ​បេតុង ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

សម្ភារ​ខូចខាត​រួម​មាន បែ​កញ្ចក់​រថយន្ត​ចំហៀង​មុខ​ខាងស្តាំ​ចំនួន​១​ផ្ទាំង ។ ចំណែក​សម្ភារ​ដែល​ជន​បង្ក​បាន​បន្សល់​ទុក រួម​មាន​ដុំ​ថ្ម​ចំនួន​១​ដុំ​, និង​ទូរ​សព្ទ័​ដៃ​១​គ្រឿង ម៉ាក​ហូ​វ៉ៃ របស់​ជនសង្ស័យ ។

តាម​ការ​ឲ្យ​ដឹង​ពី​ជន​រង​គ្រោះ បានអោយ​ដឹង​ថា តាំងពី​រាបអាន​គ្នា​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់​នេះ ទើបតែ​បាន​១២​ថ្ងៃ​ប៉ុណ្ណោះ ហើយ​គាត់​ដូច​ជា​ប្រចណ្ឌ​ច្រើន ខឹង​ច្រើន ។ ការ​ស្គាល់គ្នា​នេះ តាម​រយៈ​អ្នកបកប្រែ​ភាសា​ចិន​ម្នាក់ ហើយ​អំឡុង​ពេល សុំ​ស្នេហ៍​និង​សុំ​ស្រលាញ់​រូប​នាង គឺ​នាង​កំពុង​តែ​ស្ថិត​ក្នុង​ការ​ពិចារណា​នៅឡើយ ។

នារី​រង​គ្រោះ​បញ្ជាក់​ថា មុន​ពេល​កើតហេតុ រូប​នាង​បាន​ដឹក​ជនជាតិ​ចិន​ពី​រោងចក្រ​កា​ណា​ឌី​យ៉ា នៅ​ម្តុំ​ផ្លូវ​វេ​ស្រេង ក្នុង​គោលបំណង​មក​លេង​ផ្ទះ​ខ្លួន​នៅ​ភូមិ​ថ្មី ទិញ​ស្រា​មួយ​ដប ផឹក​រហូត​បុរស​ចិន​ស្រវឹង ។ បន្ទាប់​មក​ជនសង្ស័យ និង​ជន​រង​គ្រោះ​ក៏​មាន​ទំនាស់​ពាក្យ​សម្តី និង​ប្រកែក​គ្នា​តាម​ផ្លូវ ។ ដោយ​មាន​ស្ថានភាព​ស្រវឹងស្រា​ផង​នោះ ជន​រង​គ្រោះ​បាន​បើ​រថយន្ត​ដឹក​ជនសង្ស័យ​ទៅ​រោងចក្រ​វិញ​កន្លែង​ស្នាក់​នៅ​វិញ ។

លុះ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​យកដៃ​ទាញ​ប្រាំង​រថយន្ត​ឲ្យ​ឈប់ រួច​ចុះ​ពីលើ​រថយន្ត​យក​ដុំ​ថ្ម​គប់​កញ្ចក់​ចំហៀង​ខាងស្តាំ បណ្តាល​ឲ្យ​បែក ក៏​មានការ​ឆោឡោ ភ្លាម​នោះ​កម្លាំង​ល្បាត​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី បាន​ធ្វើការ​ល្បាត​ដល់​ចំណុច​ខាងលើ ឃើញ​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​៕