ភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីជនជាតិចិន តែមិនបានសម្រេច បានត្រឹមតែធ្លាក់បែកកញ្ចក់អេក្រង់ ហើយជនសង្ស័យបានបន្ថែមល្បឿនជិះរត់គេចខ្លួន ត្រូវប្រជាពលរដ្ឋនិង កម្លាំងអាវុធហត្ថ ដេញតាមពីក្រោយ ជនសង្ស័យភ័យស្លន់ស្លោពេកដួលម៉តូ ត្រូវកម្លាំងអាវុធហត្ថក្របួចជាប់ទាំងពីរនាក់តែម្ដង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវចំហៀងទូតរុស្សី (ផ្លូវ78) កែងនឹងផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យទី១ ឈ្មោះ ទេព មេត្តា ហៅប្រុស ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ធានសំណង់កោះពេជ្រ ជាអ្នកបើកម៉ូតូធ្វើសកម្មភាព និងជាម្ចាស់ម៉ូតូម៉ាក ស៊ុយសុគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១I-៧៤៥៦ ។ ចំណែកជនសង្ស័យទី២ ឈ្មោះ ប៉ក់ ពៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់កោះពេជ្រជាមួយគ្នា ជាអ្នកអង្គុយពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសជនជាតិចិនម្នាក់បានដើរតាមបណ្ដោយផ្លូវ៧៨ ក្នុងទិសដៅពីលិចទៅកើត ដោយបានកាន់ទូរស័ព្ទនិយាយបណ្ដើរ ។ ខណៈនោះ ជនសង្ស័យទាំង២នាក់បានជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក Gionee ពណ៌ទឹកប្រាក់ ពីជនរងគ្រោះ ។ តែមិនបានសម្រេច បណ្តាលឲ្យធ្លាក់បែកកញ្ចក់អេក្រង់ ហើយជនសង្ស័យបានបន្ថែមល្បឿនព្យាយាមជិះរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍នាំគ្នាស្រែកថា ចោរៗ បង្កការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថខណ្ឌចំការមន ដែលកំពុងល្បាតក្នុងមូលដ្ឋានប្រទះឃើញ ក៏ធ្វើការប្រដេញតាមដល់កែងផ្លូវ៧៨ និងសបិត ជនសង្ស័យភ័យស្លន់ស្លោពេកដួលម៉តូ ត្រូវកម្លាំងអាវុធហត្ថក្របួចជាប់ទាំងពីរនាក់តែម្ដង ៕