ខេត្តបាត់ដំបង៖ ជនសង្ស័យមួយក្រុម មានគ្នាពី៦ទៅ៨នាក់ បាននាំគ្នាព្រួតវាយ និងកាប់ទៅលើជនរងគ្រោះ យកទៅចងនឹងដើមស្វាយ រហូតដល់ម៉ោង១១និង៣០នាទីព្រឹក ទើបមានប្រជាពលរដ្ឋប្រទះឃើញ និងជួយសង្គ្រោះ រួចរាយការណ៍មកសមត្ថកិច្ច ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ។

ករណីព្រួតវាយ និងកាប់ទៅលើជនរងគ្រោះនេះ បានកើតឡើងនៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចសំរោងជ័យ ស្ថិតនៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល ។ ជនរងគ្រោះ ឈ្មោះ យួម កៅយី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល។

ចំណែកជនសង្ស័យចំនួន២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ភ្លុច បៀ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល និងឈ្មោះ ផល នឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃទទឹង១ ឃុំបវេល ស្រុកបវេល ។
មុនពេលកើតហេតុ ជនសង្ស័យមួយក្រុម មានគ្នាពី៦ទៅ៨នាក់ បាននាំគ្នាវាយ និងកាប់ទៅលើជនរងគ្រោះ ឈ្មោះ យួម កៅយី បណ្ដាលក្បាលបែក រងរបួសធ្ងន់ ហើយក្រុមជនសង្ស័យ បានយកជនរងគ្រោះ ទៅចងនឹងដើមស្វាយ ក្នុងចម្ការមួយទុកចោល រហូតដល់ម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបមានប្រជាពលរដ្ឋប្រទះឃើញ និងជួយសង្គ្រោះ រួចរាយការណ៍មកសមត្ថកិច្ច ។

ក្រោយពេលទទួលបានរបាយកាណ៍ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដូចមានឈ្មោះខាងលើ ។ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ខេត្តដើម្បីអនុវត្តតាមនីតិវិធី៕