ម៉ូស្គូ៖ ​ស្ថាប័នស្រាវជ្រាវ​បច្ចេកវិទ្យា​សម្រាប់​យោធារុស្ស៊ី នឹងចាប់ផ្តើមធ្វើការ​​ទៅលើការ​បង្កើត​សព្វាវុធ​ និង​ប្រព័ន្ធយោធា​ដែល​ប្រើប្រាស់បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ធ្វើឲ្យយោធា​រុស្ស៊ី​កាន់តែមានសមត្ថភាព​​ខ្លាំងក្លា​បន្ថែមទៀត​ទៅថ្ងៃអនាគត។ នេះបើ​តាម​ការបញ្ជាក់​ឲ្យដឹងពី​ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី លោក យូរូ បូរីសូវ (Yury Borisov) ដក​ស្រង់​​សម្តី​ដោយ​​សារ​ព័ត៌​មាន​​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមការិយាល័យ​របស់ លោក Borisov ដែលមានតួនាទី​គ្រប់គ្រងលើ​ឧស្សាហកម្មវិស័យការពារជាតិ​រុស្ស៊ី​បានបញ្ជាក់​ថា ស្ថាប័នខាងលើ​នឹងផ្តោតសំខាន់​ចំពោះការបង្កើតយានអវកាស​ខ្នាតតូច, អាវុធដែលផ្អែក​លើគោលការណ៍​រូបវន្តថ្មីៗ, ប្រព័ន្ធផ្តល់​ព័ត៌មានសម្រាប់​យោធាដែលផ្អែកលើ​បច្ចេកវិទ្យា GIS (Geographic Information System), ប្រព័ន្ធសម្រាប់ចាប់​សញ្ញាវត្ថុ​នៅខាង​​ក្រោម​ផ្ទៃទឹក, និងការអភិវឌ្ឍ​បច្ចេកវិទ្យា AI (Artificial Intelligence) ជាដើម។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់​ការវាយតម្លៃខ្ពស់ ​ទៅលើ​ស្ថាប័ននៃវិស័យការពារ​ជាតិ​ថ្មី​ហៅថា សម័យកាល​ធ្វើរបកគំហើញ​បច្ចេកវិទ្យាយោធា (Military Innovation Technopolis Era ឬ MITE) ដែលស្ថិត​នៅទីក្រុង អាណាផា (Anapa) ហើយស្ថាប័ននេះ​ត្រូវបានកំណត់​ពេលវេលាថា នឹង​ចាប់ផ្តើម​ធ្វើការ​ពេញសមត្ថភាព​ទាំងស្រុង​នៅចុងឆ្នាំ២០១៩។ លោក ពូទីន ក៏បានបង្គាប់​ឲ្យ​ក្រុមហ៊ុន​ឧស្សាហកម្ម​​យោធា​នានា បង្កើត​ទំនាក់ទំនងជិតស្និទ្ធ​​ជាមួយ​ស្ថាប័នថ្មី​នេះ​ផងដែរ៕