ប្រទេសឥណ្ឌា៖ យោងតាមសារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា គ្រោះអគ្គិភ័យដ៏សាហាវមួយ បានកើតឡើងក្នុងសណ្ឋាគារដ៏ប្រណិតមួយកន្លែង នៅក្នុងប្រទេសឥណ្ឌា បណ្តាលឲ្យមានអ្នកស្លាប់កើនឡើង១៧នាក់ហើយមកទល់ពេលនេះ និង៣៥នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ដោយហេតុការណ៍នេះ បានកើតឡើងនៅពេលដែលគេប្រារព្ធពិធីមង្គលការមួយនៅទីនោះ ។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល៤ និង ៣៥នាទី ល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ២០១៩ ដោយគេបានឃើញអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ចេញពីឃ្លាំងស្តុកទំនិញក្នុងសណ្ឋាគារខាងលើ ដែលមានឈ្មោះ Arpit Palce ស្ថិតនៅក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌា ។

បើតាមរបាយការណ៍ប៉ូលិស បានឲ្យដឹងថា ភ្លើងបានឆាបឆេះសណ្ឋាគារខាងលើនេះ ស្ថិតនៅក្នុងសង្កាត់ការ៉ូល បាហដ៍ ភាគកណ្តាលនៃទីក្រុងញូដេលី ហើយចំណែកជនរងគ្រោះដែលបាត់បង់ជីវិតនោះ បានកើតឡើង១៧នាក់ ក្នុងនោះមានកុមារផងដែរ ។

របាយការណ៍របស់ប៉ូលិសបានបន្តថា ពិធីរៀបការនៅក្នុងសណ្ឋគារខាងលើនេះ បានកក់បន្ទប់ចំនួន៣៥បន្ទប់ ហើយខណៈពេលដែលមានភ្លើងឆេះកើតឡើង ជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ ហើយដោយមានការភ័យខ្លាចខ្លាំងពេក ក៏បានព្យាយាមលោតចេញតាមបង្អួចនៃសណ្ឋាគារ បណ្តាលឲ្យមានអ្នកស្លាប់និងរបួស។ ចំណែកមនុស្ស៣៥នាក់ ដែលនៅក្នុងសណ្ឋាគារនោះ ត្រូវបានជួយសង្គ្រោះទាន់ពេល ហើយជនរងគ្រោះភាគច្រើនកំពុងតែដេកក្នុងបន្ទប់សណ្ឋាគារ ៕