អូស្ត្រាលី៖ យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ប្រទេសអូស្ត្រាលីបានទទួលរងនូវការវាយប្រហារ ដោយរលកកំដៅ ដោយតំបន់ខ្លះមានសីតុណ្ហភាពជាង៤៥អង្សារសេ ដែលបណ្តាលឲ្យសត្វព្រៃជាច្រើនបានងាប់ និងកសិដ្ឋានចិញ្ចឹមសត្វជាច្រើនរងនូវផលប៉ះពាល់យ៉ាងខ្លាំង ។ ក្រោយពីរលកកំដៅបានឆ្លងផុត ស្រាប់តែមានគ្រោះទឹកជំនន់មកវាយប្រហារសារជាថ្មី បណ្តាលឲ្យរងការខូចខាតកាន់តែខ្លាំង ។

តាមរបាយការណ៍ពីសារព័ត៌មានក្នុងស្រុកជាច្រើន បានឲ្យដឹងថា គ្រោះធម្មជាតិខាងលើ បានធ្វើឲ្យម្ចាស់កសិដ្ឋានជាច្រើន ប្រឈមនិងកង្វះ​ដើមទុកយ៉ាងខ្លាំង។ ម្ចាស់កសិដ្ឋានជាច្រើន​បានអំពាវនាវ ឲ្យរដ្ឋាភិបាលជួយអន្តរគមន៍ ដើម្បីបន្តសកម្មភាព បើកកសិដ្ឋានឡើងវិញ​។

យោងតាមគ្រោះទឹកជំនន់ខាងលើនេះ គឺជាគ្រោះដ៏ធំក្នុងប្រវត្តិសាស្ត្ររបស់អូស្ត្រាលីផងដែរ ហើយបានធ្វើឲ្យក្រុមហ៊ុនចិញ្ចឹមសត្វមួយ ប្រកាសពីការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារតែសត្វគោចិញ្ចឹម បានរងនូវការលិចទឹក ហើយខ្លះទៀតត្រូវបានទឹកជំនន់ហូរកួចយកទៅបាត់ ដោយសរុបសត្វគោ ដែលមាននៅក្នុងកសិដ្ឋាននោះ ចំនួនជាង៣០ម៉ឺនក្បាល ក្នុងចំណោមរាប់លានក្បាលនៅឯកសិដ្ឋានផ្សេងៗទៀត ។

ទឹកជំនន់បាននិងកំពុងជន់លិចបន្តបន្ទាប់នៅភាគឦសានអូស្ត្រាលី រដ្ឋ Queenslan ក្រោយពីភ្លៀងធំបានធ្លាក់២សប្តាហ៍ជាប់គ្នា ។ នៅតំបន់នេះ គ្រោះរាំងស្ងួតបានញាំញី៥ឆ្នាំកន្លងមកហើយ ប៉ុន្តែដល់ពេលមានភ្លៀងវិញ គឺជន់លិចតែម្តង បង្កជាមហន្តរាយ ខូចខាតផលដំណាំលើផ្ទៃដីច្រើនពាន់ហិកតា។ មនុស្ស២នាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវភៀសខ្លួនកាលពីពេលថ្មីៗនេះ ។

កាលពីថ្ងៃទី១១ ខែកុម្ភៈ ក្រុមហ៊ុនកសិកម្មអូស្ត្រាលីបានបញ្ជាក់ថា ទីតាំងរបស់ខ្លួន៤កន្លែង បានរងផលប៉ះពាល់យ៉ាងធ្ងន់ ក្រោយពីទឹកជំនន់ដែលមិនធ្លាប់មាន បាននិងកំពុងវាយប្រហារនេះ ។ សត្វចិញ្ចឹមនៅក្នុងតំបន់ Queensland មានសរុបប្រហែល២៥លានក្បាល ក្នុងនោះ១ក្បាល ក្នុងចំណោម៤០ក្បាល ត្រូវបានសម្លាប់ ដោយសារតែគ្រោះមហន្តរាយនេះ ។

ក្រុមហ៊ុនកសិកម្មអូស្ត្រាលីដដែលបញ្ជាក់ថា ខ្លួនបានបាត់បង់សត្វចិញ្ចឹមជាង៣០០,០០០ក្បាលមកហើយ ដោយសារតែទឹកលិច និងទឹកហូរកួចយកទៅបាត់ ។

កាលពីថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ការិយាល័យឧតុនិយមអូស្ត្រាលីប្រកាសថា ដងទន្លេវែងបំផុតនៅ Queensland កំពុងតែរងនូវជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរ មិនធ្លាប់ជួបប្រទះក្នុងរយៈពេលយ៉ាងតិច៥០ឆ្នាំកន្លងមកនេះ ។ ផ្នែកសំខាន់ខ្លះ នៅតែបន្តរងគ្រោះដោយទឹកជំនន់ ជាពិសេសនៅតាមទីទំនាប់ នៃដងទន្លេ Flinders ហើយវាចអូសបន្លាយពេលសប្តាហ៍រហូតដល់សប្តាហ៍ខាងមុខ ៕