ខេត្តកណ្តាល ៖ មន្ត្រី​យោធា​ម្នាក់ ត្រូវ​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន ដកហូត​បាន កាំភ្លើងខ្លី និង​វត្ថុ​តាង មួយ​ចំនួន​ទៀត ទាក់ទិន​ករណី គ្រឿងញៀន កាលពី​វេលា​ម៉ោង ៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សូ​រិ​ទ្ធី សត្យា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​យោធា មាន​ទីលំនៅ ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​មុខសញ្ញា ជួញដូរ​គ្រឿងញៀន ។

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តកណ្ដាល សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បើក​ប្រតិបត្តិការ​ធ្វើ​ការ​ស្រាវជ្រាវ រហូត​ដល់​ឃាត់ខ្លួន ដោយមាន​ការសម្របសម្រួលនីតិវិធី ដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល រួមជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល បានចូលរួមសហការនឹងមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន​ ជា​មន្ត្រីយោធានេះ ។

ក្នុង​ពេល​បង្ក្រាប និង​ឃាត់ខ្លួន​នោះ ជនសង្ស័យ​រូប​នេះ ​មាន​កាំភ្លើងខ្លី​បម្រុង​បាញ់​មក​លើ​កម្លាំង​សមត្ថកិច្ច តែ​សមត្ថកិច្ច​ក្របួច​ទាន់ និង​បាន​រឹបអូស​យក​វត្ថុ​តាង រួម​មាន ម្សៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ថា សារធាតុ​ញៀន ចំនួន​២​កញ្ចប់ ទូរ​សព្ទ​ដៃ​១​គ្រឿង កាំភ្លើងខ្លី ១​ដើម ម៉ា​កឡុក​របស់​ចិន បង់​២ និង​គ្រាប់ មួយ​គ្រាប់ ។

ក្រោយមក​បាន​ឆែកឆេរ​ក្នុងផ្ទះ​ដកហូត​បាន​បង់​កាំភ្លើង​វែង​ប្រភេទ អឹ​ម​សី​១​ដើម និង​គ្រាប់ មួយ​ចំនួន រថយន្ត​១​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី ៕