ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយអំពាវនាវឲ្យគណៈកម្មការអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុប វាយតម្លៃឲ្យបានហ្មត់ចត់ ចំពោះការដាក់ឲ្យដំណើរការនីតិវិធី ដែលអាចឈានដល់ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចរបស់កម្មកររាប់ម៉ឺននាក់ របស់កម្ពុជា។

សេចក្តីថ្លែងការណ៍របស់GMAC ក៏បានស្នើឲ្យគណៈកម្មការអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុប វាយតម្លៃឲ្យបានហ្មត់ចត់ថា តើនីតិវិធីបែបបទដែលអាចនឹងនាំឲ្យមានការព្យួរការអនុគ្រោះពន្ធ ក្រោមកម្មវិធីអនុគ្រោះពន្ធលើ គ្រប់មុខទំនិញ លើកលែងតែគ្រឿងសព្វាវុធ (EBA) នឹងមានលក្ខណៈសមាមាត្រ ហើយពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឬអត់?។
GMAC បានឲ្យដឹងថា សហគ្រាសកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរ (travel goods) ដែលជាចំណែកដ៏ធំបំផុតនៃការនាំចេញរបស់កម្ពុជា ទៅអឺរ៉ុបដែលមានទឹក ប្រាក់៣,៧៦ពាន់លានអឺរ៉ូ ក្នុងចំណោមការនាំចូលទំនិញសរុបចំនួន៥ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុប ក្នុងឆ្នាំ២០១៧។ ប្រទេសកម្ពុជាទទួលបានការអនុគ្រោះពន្ធ EBA ដោយពន្ធដោយអត្រា សូន្យភាគរយ លើទំនិញនាំចេញទៅសហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ២០០១ ហើយចាប់តាំងពីពេលនោះ មកអាចបង្កើនការនាំចេញទ្វេរដង ទៅសហភាពអឺរ៉ុប កសាងឲ្យមានវិស័យសេដ្ឋកិច្ចរឹងមាំ និងរស់រវើក ដែលឥឡូវនេះផ្តល់ការងារដល់កម្មករចំនួន៧០០.០០០នាក់ ដែលភាគច្រើនបំផុតនៃពួកគេមកពីតំបន់ជនបទ ហើយ៨០ភាគរយជាស្ត្រី។

GMAC បានលើកឡើងទៀតថា «ឥឡូវនេះ យើងមានមោទនភាពដែលបានក្លាយជាអ្នកផ្គត់ផ្គង់សម្លៀកបំពាក់ធំបំផុតទី៦ របស់សហភាពអឺរ៉ុប បន្ទាប់ពីប្រទេសចិន ទួរគី បង់ក្លាដែស ឥណ្ឌា និងប៉ាគីស្ថាន។ ការផ្តល់ EBA បានកាត់បន្ថយភាពក្រីក្រ និងកសាងវប្បធម៌អនុលោមភាព និងការយកចិត្តទុកដាក់អនុវត្តត្រឹមត្រូវនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ ដៃគូពាណិជ្ជកម្មរយៈពេលវែងជាមួយ សហភាពអឺរ៉ុប ត្រូវបានកសាងលើគំនិតរួមគ្នាដែលថា ពាណិជ្ជកម្មនឹងជួយអភិវឌ្ឍសង្គម និងសហគមន៍របស់យើង»។

លោក ខេន លូ អគ្គលេខាធិការ GMAC បានថ្លែងក្នុងសេចក្តីថ្លែងការថា «ការចូលរួមរបស់ GMAC នៅក្នុងកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) បានរួមចំណែកដល់ការ អភិវឌ្ឍវប្បធម៌តម្លាភាព និងអនុលោមភាពទៅតាមស្តង់ដារពលកម្ម និងការងារអន្តរជាតិ។ GMAC នឹងបន្តធ្វើការងារជិតស្និទ្ធជាមួយសមាជិករបស់ខ្លួន ដើម្បីកែលម្អឲ្យកាន់តែប្រសើរឡើង ចំពោះទំនាក់ទំនងវិជ្ជាជីវៈតាមរយៈការគាំទ្រធ្វើឲ្យការចុះបញ្ជីការបស់សហជីព មានលក្ខណៈសាមញ្ញជាងមុន និងមានតម្លាភាពជាងមុន នៅតាមគ្រប់រោងចក្រទាំងអស់។ ហេតុដូច្នេះ ផ្អែកលើលទ្ធផលរបស់វិស័យយើង GMAC ជឿថាការព្យួរ EBA គឺមិនស័ក្តិសម និងមិនមានហេតុផលគ្រប់គ្រាន់»។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ស្នើសុំគណៈកម្មការអឺរ៉ុប រដ្ឋសមាជិក និងសភាអឺរ៉ុបវាយតម្លៃដោយយកចិត្តទុក ចំពោះផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចលើកម្មករកម្ពុជាដែលកើតចេញពីការព្យួរ EBA។ GMAC ក៏ជំរុញឲ្យសហភាពអឺរ៉ុប បន្តចូលរួមជាមួយអាជ្ញាធរកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ នយោបាយដែលមានលក្ខណៈទទួលខុស ត្រូវសម្រាប់ភាគីទាំងអស់ក្នុងអំឡុងពេលនេះ។ GMACទន្ទឹងរង់ចាំចូលរួមបន្ថែមទៀត ជាមួយអ្នកធ្វើសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបលើបញ្ហានេះ និងដើម្បីបង្ហាញអំពីអនុលោមភាព ទៅតាមស្តង់ដារអន្តរជាតិរបស់វិស័យនេះ។
សេចក្តីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) មានខ្លឹមសារដើមទាំងស្រុដូចខាងក្រោម៖