ភ្នំពេញ៖ ប្រជាពលរដ្ឋដែលដើរហាត់ប្រាណក្រោយសាលមហោស្របចតុមុខ បានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក មកទើរនៅក្រោយសាលមហោស្រប ក៏រាយការណ៍ជូនសម្ថតកិច្ចដើម្បីចុះត្រួតពិនិត្យ។ ហេតុការខាងលើនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ៣០១៩ នៅចំណុចក្រោយសាលមហោស្របចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាកសពបុរសខាងលើ គឺមិនស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា សាកសពបុរសនេះពាក់អាវយឺតដៃខ្លី ពណ៌ក្រហម ស្លៀកខោក្រណាត់ ពណ៌ខ្មៅជើងវែងតែប៉ណ្ណោះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ខណៈដែលពួកគាត់ដើរហាត់ប្រាណនៅក្រោយសាលមហោស្របចតុមុខដូចសព្វមួយដង ស្រាប់តែព្រឹកនេះក៏បានឃើញសាកសពបុរសម្នាក់អណ្ដែតតាមទឹក មកទើរនៅក្រោយសាលមហោស្រប បង្កការភ្ញាក់ផ្អើលដល់អ្នកហាត់ប្រាណ នាំគ្នាឈរមើល និងរាយការណ៍ទៅប៉ូលិសប៉ុស្តិ៍ចតុមុខ ឲ្យចុះមកពិនិត្យ តែដោយការរង់ចាំយូរពេកសាកសពបុរសខាងលើ ត្រូវបានប៉ូលិសជើងទឹក ដែលនៅក្បែរនោះ ជួយអូសយកទៅចងទុកនៅក្រោយសណ្ឋារគារកាបូឌីយ៉ាណា ដើម្បីរង់ចាំខាងមន្ត្រីជំនាញមកធ្វើការត្រួតពិនិត្យលើសាកសពថា ស្លាប់ដោយសារលង់ទឹក ឬគេសម្លាប់ ។

ក្រោយពីការពិនិត្យរួចខាងមន្ត្រី ជំនាញបានប្រាប់ថាសាកសពបុរសខាងលើនេះ ពិតជាស្លាប់ដោយសារលង់ទឹកពិតមែន។ ហើយប្រជាពលរដ្ឋខ្លះទៀតបាននិយាយថា ប្រហែលជាបុរសនេះមានរឿងក្នុងគ្រួសារ ដែលធ្វើឲ្យពិបាកចិត្តទើបលោតទឹកសម្លាប់ខ្លួនបែបនេះ។

បច្ចុប្បន្នសាកសពបុរសខាងលើ ត្រូវបានសម្ថតកិច្ចដឹកយកទៅតំម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំបងប្អូនសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕