ភ្នំពេញ៖ យ៉ាងហោចណាស់ មានកម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ អាកាសសិត ហ្គាមេន បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍បាក់ធ្លាក់ពិដានរោងចក្រសង្កត់លើពេលកំពុងធ្វើការ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅសួនឧស្សាហកម្មវឌ្ឍនៈ២ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ អាកាសសិត ហ្គាមេន សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មានពីកម្មករនៅរោងចក្រកើតហេតុ បានឲ្យដឹងថា មុនពេលកើហេតុ នៅវេលាម៉ោង៧ព្រឹក កម្មករ កម្មការិនីរោងចក្របានចូលធ្វើការដូចរាល់ដង ខណៈមួយសន្ទុះក្រោយពេលកំពុងតែធ្វើការ ស្រាប់តែពិដានបានបាក់ធ្លាក់សង្កត់កម្មករបណ្ដាលឲ្យរបួសធ្ងន់ស្រាល១៧នាក់ ហើយពេលនោះ ធ្វើឲ្យកម្មករកម្មការិនីជាច្រើននាក់ភ័យស្លន់ស្លោ រត់ចេញពីរោងចក្រភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ កម្មករ កម្មការិនីដែលរបួសធ្ងន់ស្រាល ត្រូវបានរថយន្តរោងចក្រដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រោះភ្លាមៗ ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីបាក់ពិដានរោងចក្រខាងលើ ដោយសាឆ្អឹងដែកពិដានចងខ្សែលួសហើយពិដានធ្ងន់ទើបបណ្ដាលឲ្យដាច់ខែ្ស លួសបាក់ធ្លាក់ពិដានរោងចក្រសង្កត់លើកម្មករ កម្មការិនីដែលកំពុងធ្វើការរបួសធ្ងន់ស្រាល១៧នាក់បែបនេះ។

កម្មករ កម្មការិនីរងគ្រោះទាំង១៧នាក់នោះ មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ អាក់ សុខលីន ២-ឈ្មោះ ស លីណា ៣-ឈ្មោះ សុខ សុផារ៉ា ៤-ឈ្មោះ យ៉ង ស្រីយ៉ាន ៥-ឈ្មោះ សុត រ៉ាន់ ៦-ឈ្មោះ មាស សម្ផស្ស ៧- ឈ្មោះ ស៉ីម ស្រីណែត ៨-ឈ្មោះ យ៉ិន ស្រីរ័ត្ន ៩-ពូក ស្រីណាក់ ១០-ឈ្មោះ ឃួន សារិន ១១-ឈ្មោះ យិន រ៉ី ១២-ឈ្មោះ លិន សុខា ១៣-ឈ្មោះ ញឹម ស្រីល័ក្ខ ១៤-ឈ្មោះ លន ស្រីណារី ១៥-ឈ្មោះ ទូច ស្រីរ័ត្ន ១៦-ឈ្មោះ សែម សុខគានុង ១៧-ឈ្មោះ សន ពីន ត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យឯកជន ហ៊ាង មុន្នីវុធ ៕

សហការី KBN