ខេត្តកំពង់ធំ ៖ បុរស​ជា​ទណ្ឌិត​ជាប់​ទោស​ពី​បទ​រំលោភ​សេពសន្ថវៈ​ម្នាក់ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ឃុំឃាំង ក្នុង​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ឃុំខ្លួន​លេខ​៥ ក្នុង​បរិវេណ​ពន្ធនាគារ​ខេត្តកំពង់ធំ ។

សាកសព​ទណ្ឌិត​ខាងលើ មានឈ្មោះ​កែវ សារី​ម ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៥៩ នៅ​ភូមិ​ប៉ាត​ឡា​ង ឃុំ​ក្រាំ​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង លំនៅ​បច្ចុប្បន្ន ភូមិ​កោះ​តា​ពៅ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ។ ទណ្ឌិត​ខាងលើ ជាប់​ទោស​ពី​បទ​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី ២៦ ខែមិថុនា ឆ្នាំ​២០០៨ និង​ត្រូវ​បាន​ឃុំខ្លួន កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០០៨ ។

តាម​ប្រភព​ពី​សមត្ថកិច្ច បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តកំពង់ធំ បាន​ប្រទះ​ឃើញ​ទណ្ឌិត​ឈ្មោះ​កែវ សារី​ម ដេក​ស្តូកស្តឹង​នៅ​ក្នុង​បន្ទប់​ឃុំខ្លួន លុះ​មានការ​សង្ស័យ​ក៏​ស្រែក​ដាស់ ប៉ុន្តែ​ទណ្ឌិត​រូប​នោះ មិន​តបត​សោះ ទើប​នឹក​ឆ្ងល់ ក៏​ចូល​ទៅ​មើល ទើប​ដឹង​ថា ទណ្ឌិត​កែវ សារី​ម បាន​ដេក​ស្លាប់​រឹង​ស្តូក​បាត់​ទៅ​ហើយ ទើប​កើត​មានការ​ផ្អើល​ឆោឡោ​ពេញ​ពន្ធនាគារ និង​រាយការណ៍​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ពិនិត្យ ។ ក្រោយ​បញ្ចប់​ការ​ពិនិត្យ គ្រូពេទ្យ​ជំនាញ និង​សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋាន​ថា សព​ទណ្ឌិត​ខាងលើ បាន​ស្លាប់​ដោយសារ​គាំងបេះដូង ពោល​គឺ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អ្វី​ផ្សេង​នោះ​ឡើយ​។

ដូច​គ្នា​ដែរ ពន្ធនាគារ​នៅ​ខេត្តកណ្តាល បុរស​ជា​ទណ្ឌិត​ជាប់​ទោស ពី​បទ​រំលោភ​សេពសន្ថវៈ​ម្នាក់ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ខេត្តកណ្តាល បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​អាការ​ជំងឺ​ប្រចាំ​កាយ (​លើសឈាម​) ធ្វើទុក្ខ លុះ​ក្រោយមក ក៏​ដាច់ខ្យល់​ស្លាប់ នៅ​ក្នុង​មន្ទីរពេទ្យ កាលពី​វេលា​យប់​ថ្ងៃ​ទី​១០ ខែ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ស្ថិត​ក្នុង​ក្រុង​តា​ខ្មៅ ។

សាកសព​ទណ្ឌិត​ខាងលើ មានឈ្មោះ​ទ្បឹ​ង សែ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​តា​កេ ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ​ ។ ទណ្ឌិត​ខាងលើ ជាប់​ទោស​ពី​បទ​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ព្រែក​តា​កេ ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ​។

តាម​ប្រភព​ពី​សមត្ថកិច្ច បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ទណ្ឌិត​ខាងលើ បាន​កើត​មាន​អាកា​រៈ​ជំងឺលើសឈាម​ធ្វើទុក្ខ ទើបត្រូវ​បាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តកណ្តាល បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ស្រាប់តែ​មក​ដល់​វេលា​យប់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ទណ្ឌិត​រូប​នោះ ក៏​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជំនាញ ឱ្យ​ចុះ​មក​ពិនិត្យ​ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ បាន​ចុះ​ពិនិត្យ​សាកសព នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ តាម​ការ​សន្និដ្ឋាន ផ្អែក​តាម​ការ​ពិនិត្យ​ពី​ផ្នែក​ជំនាញ និង​លោកគ្រូ​ពេទ្យ​កោសល្យ​វិច័យ ជន​រង​គ្រោះ​ស្លាប់​ដោយ​ជំងឺលើសឈាម ។

សាកសព​ទាំង​២​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕