ខេត្តកណ្តាល៖ បុរសជាឪពុកម្នាក់ខឹងកូនស្រែកឡូឡាជេរប្រមាថ និងស្ទុះយកដំបងឈើជ្រុងមកវាយខ្លួន ក៍ទាញយកដែកជ្រុងជន្ទល់ទ្វារស្ទុះទៅវាយកូនវិញរហូតដល់ស្លាប់ រួចបោះដែកចោលខាងលិចផ្ទះ រួចចូលសម្រាកទល់ភ្លឺ ។ ករណីឃាតកម្មនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចក្រោមផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ។

ជនរងគ្រោះជាកូនឈ្មោះ ផង់ បាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិ-ឃុំកើតហេតុ។ ចំណែកជនសង្ស័យជាឪពុក ឈ្មោះ ផង់ ជាង ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅស្នាក់នៅជាមួយជនរងគ្រោះ ត្រូវជាឪពុកបង្កើតជនរងគ្រោះ។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យ ឈ្មោះ ផង់ ជាង បានទៅហូបការគេ ជាមួយចៅស្រីអាយុ៤ឆ្នាំ នៅក្នុងភូមិ ដោយផឹកស្រាបៀរអស់ ២កំប៉ុង ។ រហូតដល់ម៉ោង ៨និង១០នាទីយប់ ទើបត្រឡប់មកផ្ទះវិញ ក៍ដោះតែខោវែងចេញ ទុកតែខោខ្លី និងមិនបានដោះអាវដៃវែងពណ៌ផ្ទៃមេឃទេ ហើយចូលដេកក្នុងបន្ទប់ក្រោមផ្ទះ។ ពេលកំពុងដេកលក់ នៅវេលាម៉ោងប្រហែល ២រំលងអធ្រាត្រ ស្រាប់តែជនរងគ្រោះជាកូនឈ្មោះ ផង់ បាន ត្រឡប់មកពីហូបការគេក្នុងភូមិដែរ បានស្រែកឡូឡាជេរឪពុក រួចជនសង្ស័យបានតបវិញថា ឡូឡាអី ថ្មើរហ្នឹងហើយ មិនចូលដេក? ស្រាប់តែជនរងគ្រោះស្ទុះយកដំបងឈើជ្រុងមកវាយ តែឪពុកគេចផុត រួចកូននោះនៅតែបន្តជេរប្រមាថឪពុកទៀត។

ឆ្លៀតពេលជនរងគ្រោះជាកូន ដើរទៅដេកលើអង្រឹងក្រោមផ្ទះ ជនសង្ស័យជាឪពុកក៏ចូលក្នុងបន្ទប់ដេកក្រោមផ្ទះ ទាញយកដែកជ្រុងជន្ទល់ទ្វារ ស្ទុះទៅវាយជនរងគ្រោះជាកូនរហូតដល់ស្លាប់ រួចបោះដែកជ្រុងជន្ទល់ទ្វារនោះចោលខាងលិចផ្ទះ ហើយចូលសម្រាក រហូតដល់ភ្លឺ វេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី ១១ ខែកុម្ភ: ទើបមានការភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ចក៍បានបើកការស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាឪពុក និងវត្ថុតាង រួមមាន ដំបងដែកបួនជ្រុងប្រហោងរាងជាលេខ៧ប្រវែង ១.១០x២.៥ សង្ទីម៉ែត្រ មានប្រឡាក់ឈាម ដំបងឈើសំប៉ែតចុងស្រួច ប្រវែង១ម៉ែត្រ ទំហំ២x៦ សង្ទីម៉ែត្រ អាវដៃវែងក្រណាត់ពណ៌ផ្ទៃមេឃ និងខោខ្លីប្រភេទកីឡា ពណ៌ទឹកដោះគោ មានឆ្នូត ចំហៀង ៣ឆ្នូត ពណ៌ខៀវ ជារបស់ជនសង្ស័យស្លៀកធ្វើសកម្មភាព។

ចំណែកស្ថានភាពសពជនរងគ្រោះ ដេកផ្កាប់មុខ ក្បាលបែរទៅទិសខាងត្បូង ក្បែរអង្រឹងក្រោមផ្ទះ មានស្នាមរបួសលើថ្ងាសចំហៀងខាងស្តាំ ៦ កន្លែង ផុង បែកលលាដ៏ក្បាល បាក់ក្ដោងច្រមុះ ។ ជនសង្ស័យជាឪពុក ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធី៕

សហការី KBN