ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​បង្កើត​ក្រុម​អន្តរាគមន៍​ពិសេស សម្រាប់​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ចំនួន​៣​ក្រុម ដោយ​មានការ​ឯកភាព​ពី​គណៈ​បញ្ជាការ​ឯកភាព​សាលា​រាជធានី​ភ្នំពេញ ។

យោង​តាម​ការ​លើក​ឡើង នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ស ថេ​ត នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ មាន​ដូច​ជា ៖

– ក្រុម​នេះ នឹង​ចល័ត​ទៅ​គ្រប់​គោលដៅ ដែល​មានការ​កកស្ទះ​ខ្លាំង​រៀងរាល់ថ្ងៃ ។
– ទប់ស្កាត់​ការ​ជិះ​បញ្ច្រាស នៅ​ម៉ោង​កកស្ទះ ។
– សុំ​អោយ​កម្លាំង​សម្រួល​ចរាចរណ៍ ពេល​ស្ទះ​ខ្លាំង អោយ​បាន​ធូរស្បើយ មិន​ត្រូវ​ឈរ​លើ​ថ្នល់​មើល​ការ​កកស្ទះ​ឡើយ ។
– ត្រូវ​ជិះ​ម៉ូតូ​ចល័ត ទៅ​គ្រប់កន្លែង​ដែល​ស្ទះ ហើយ​សម្រួល​ដោះស្រាយ​បញ្ហា​ស្ទះ​ភ្លាម​ៗ ។
– ត្រូវ​ត្រៀមខ្លួន​ជា​និច្ច នៅ​តាម​ច្រកចេញ​រាជធានី​ភ្នំពេញ នៅ​ពេល​មាន​ពិធីបុណ្យ​ជាតិ​សំខាន់​ៗ ។
– ត្រូវ​លុប​បំបាត់​សកម្មភាព​ពួនស្ទាក់ ដើម្បី​ចាប់​អ្នក​ប្រព្រឹត្តិ​បទល្មើស​ចរាចរណ៍ ។
– នឹង​មាន​បំប៉ន​វគ្គ​សិក្សា​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍ ។
– មិន​ត្រូវ​ពិន័យ​លើស​ការ​កំណត់ ។
– មិន​ត្រូវ​ឆ្លើយ​ដាក់​កូនចៅ​ពេល​មាន​បញ្ហា ។
– ត្រូវ​កែ​ជា​បន្ទាន់ នៅ​ពេល​ពលរដ្ឋ​បត់​ស្តាំ ទោះ​ស្តុ​ប​ឡើង​ព​ណ៍​ក្រហម​ក៏​ដោយ មិន​ត្រូវ​ពិន័យ​ឡើយ ៕