ភ្នំពេញ៖ ក្មេងស្រីម្នាក់បានឱបបង្វេចមកឈរលើស្ពានជ្រោយចង្វា ប្រុងលោតទឹកសម្លាប់ខ្លួន តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញ និងឃាត់ទាន់ យកមកសួរនាំ ទើបដឹងថា មូលហេតុនាងចង់លោតទឹកសម្លាប់ខ្លួន ដោយសារខឹងម្តាយមីងស្តីបន្ទោសរឿងដើរលេងដាច់យប់ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ជិត៥រសៀល ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វាថ្មី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
ក្មេងស្រីប៉ងលោតទឹកសម្លាប់ ខ្លួនមានឈ្មោះ សួស ស្រីម៉ៅ អាយុ ១៧ឆ្នាំ រស់នៅផ្ទះជួលជាមួយម្តាយមីង នៅមុខហាងកាដូ ក្នុងភូមិគៀន ឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅភូមិត្នោត ឃុំបន្ទាយមាស ស្រុកទូកមាស ខេត្តកំពត ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៩ ក្មេងស្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនឈ្មោះ សួស ស្រីម៉ៅ នេះ បានមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនម្តងហើយនៅម៉ោង ១១ និង ៣០នាទី ប៉ុន្តែមិនបានសម្រេច ដោយសារមានគេជួយទាន់ ហើយនៅថ្ងៃកើតហេតុនេះ ក្មេងស្រីដដែលរូបនេះ បានមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនជាលើកទី២ទៀត ប៉ុន្តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញ និងឃាត់ទាន់ ហើយមូលហេតុដែលនាំឲ្យក្មេងស្រីនេះ គិតខ្លីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនម្ដងហើយម្ដងទៀតបែបនេះ ដោយសារតែត្រូវម្តាយមីងដែលនាងមកស្នាក់នៅជាមួយ ស្តីបន្ទោសឲ្យបន្តិចបន្តួចរឿងដើរលេងដាច់យប់ ៕

សហការី KBN