ភ្នំពេញ៖ មួយថ្ងៃក្រោយសហភាពអឺរ៉ុប ប្រកាសចាប់ផ្តើមនីតិវិធី ព្យួរការអនុគ្រោះពន្ធបណ្តោះអាសន្ន ក្រោយពីព្រមានរដ្ឋាភិបាលកម្ពុជា តាំងពីដើមខែ តុលា ឆ្នាំ ២០១៨ អំពីការចាប់ផ្តើមនីតិវិធីនេះ បើរដ្ឋាភិបាលកម្ពុជា មិនព្រមស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញមក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីថា មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពនេះទៅដោះដូរ ឬជាថ្នូរនឹងបញ្ហាអ្វីនោះឡើយ។

សេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប នៅថ្ងៃទី ១១ ខែ កុម្ភៈ បញ្ជាក់ថា បើទោះបីនីតិវិធីព្យួរការអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែសព្វាវុធ ឬ EBA ពីកម្ពុជានេះ មិនមែនបានន័យថា សហភាពអឺរ៉ុប នឹងដកការអនុគ្រោះពន្ធនេះភ្លាមៗក៏ដោយ ក៏នៅទីបំផុត សហភាពអឺរ៉ុបនឹងដកការអនុគ្រោះពន្ធនេះជាស្ថាបពរ ប្រសិនបើរដ្ឋាភិបាលកម្ពុជា នៅតែមិនព្រមស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ទៅតាមសំណូមពររបស់សហគមន៍អន្តរជាតិ។

អនុប្រធានស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបអ្នកស្រី ហ្វេដេរ៊ីកា ម៉ូហ្ការ៊ីនី (Federica Mogherini ) បញ្ជាក់ថា រយៈពេល ១៨ ខែចុងក្រោយនេះ សហភាពអឺរ៉ុបមើលឃើញនូវស្ថានភាពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ និង នីតិរដ្ឋនៅកម្ពុជា ធ្លាក់ចុះដុនដាបខ្លាំង។ សហភាពអឺរ៉ុប តាមរយៈរដ្ឋមន្រ្តីការបរទេស បានបញ្ជាក់ច្បាស់ ពីជំហររបស់សហភាពអឺរ៉ុបនេះរួចទៅហើយ ថាបើស្ថានភាពបច្ចុប្បន្ននេះ នៅតែមិនប្រសើរឡើង នោះការបន្តផ្តល់ការអនុគ្រោះពន្ធ នឹងជួបបញ្ហា។ អ្នកស្រីបញ្ជាក់បន្ថែមថា ភាពជាដៃគូផ្នែកពាណិជ្ជកម្ម របស់សហភាពអឺរ៉ុបជាមួយកម្ពុជា ត្រូវឈរលើការគោរពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យជាមូលដ្ឋានស្នូល។

ចំណែកស្នងការពាណិជ្ជកម្មអឺរ៉ុបអ្នកស្រី សេស៊ីលីយ៉ា ម៉ាមស្រ្តុម (Cecilia Malmström ) បានថ្លែងបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននេះដែរ ថាច្បាស់ណាស់ នីតិវិធីព្យួរការអនុគ្រោះពន្ធនៅថ្ងៃនេះ មិនទាន់ជាសេចក្តីសម្រេចចុងក្រោយ ដកការអនុគ្រោះពន្ធភ្លាមមែន ប៉ុន្តែនីតិវិធីនេះចាប់ផ្តើមចេញដំណើរហើយ។ អ្នកស្រីសង្កត់ធ្ងន់ថា អ្វីដែលសហភាពអឺរ៉ុប បញ្ជាក់ទៅភាគីកម្ពុជាឲ្យធ្វើតាមនោះ គឺមិនមែនជាការសន្យាខ្យល់ទេ។ អ្នកស្រីបញ្ជក់ទៀតថា បើកម្ពុជា ចង់បន្តទទួលបានការអនុគ្រោះពន្ធនេះតទៅទៀត កម្ពុជាត្រូវស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញដាច់ខាត។

សហភាពអឺរ៉ុប បានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជា កាលពីដើមខែ តុលា ឆ្នាំ ២០១៨ ថាសហភាពអឺរ៉ុប នឹងចាប់ផ្តើមនីតិវិធីព្យួរការអនុគ្រោះពន្ធ នៅខែ កុម្ភៈ នេះ បើនៅតែចចេសមិនព្រមធ្វើតាមចំណុចអស់ទាំងនេះ។
ក្រោយការព្រមាននេះ រដ្ឋាភិបាលកម្ពុជា បានបន្ទន់ឥរិយាបទខ្លះ ដូចជាដោះលែងអ្នកទោសនយោបាយ មន្រ្តីអង្គការសង្គមស៊ីវិល និង អ្នកសារព័ត៌មាន និង បន្ធូរបន្ថយការរឹតត្បិតសិទ្ធិសេរីភាពខ្លះ ចំពោះសហជីពកម្មករ ប៉ុន្តែសហគមន៍អន្តរជាតិយល់ថា ការបន្ទន់ឥរិយាបទប៉ុនហ្នឹងមិនទាន់គ្រប់គ្រាន់ នៅឡើយទេ។

ចាប់ពីចេញសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបថ្ងៃនេះ សហភាពអឺរ៉ុប នឹងផ្តើមបើកការត្រួតពិនិត្យ ស៊ីជម្រៅមួយសម្រាប់រយៈពេល ៦ ខែ។ បន្ទាប់មក បីខែតទៅមុខទៀត ស្ថាប័ននេះ នឹងចេញរបាយការណ៍ អំពីការវិវត្តនៃស្ថានការណ៍សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅកម្ពុជា។ ចុងក្រោយសហភាពអឺរ៉ុប នឹងសម្រេចជាស្ថាបពរ ក្នុងការដកការអនុគ្រោះពន្ធនេះ។
ក្រោយសហភាពអឺរ៉ុប ប្រកាសចាប់ផ្តើមនីតិវិធីព្យួរការអនុគ្រោះពន្ធបណ្តោះអាសន្ននេះមក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះខ្លឹមសារដើមទាំងស្រុងថា សុខសប្បាយជាទេបងប្អូនជនរួមជាតិស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ ចំពោះចំណូលពន្ឋ គឺបានកើនឡើងជាបន្តបន្ទាប់។ សេដ្ឋកិច្ចកម្ពុជាដែលពីមុនហ៊ុំព័ទ្ឋដោយទារុណកម្ម និងការកៀបសង្កត់ ប៉ុន្តែពេលនេះគឺបានងើបលូតលាស់និងកាន់តែរឹងមាំ។

សូមអរគុណដល់បងប្អូនអាជីវករ ពាណិជ្ជករ និងវិនិយោគគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ឋ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំឡើងនៅក្នុងប្រទេសជាតិ។
ប្រទេសយើងពីមុនដែលធ្លាប់ជាប្រទេសក្រីក្រធ្លាក់ដល់បាតដាលប៉ុន្តែឥឡូវគឺបានងើបលេចធ្លោររួចផុតពីភាពក្រីក្រជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។ ដោយសារចំណូលពន្ឋកាន់តែខ្ពស់ ការព្យាករណ៍របស់យើងទៅថ្ងៃអនាគត គឺកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជាកាន់តែរីក ចម្រើនទៅមុខពិតប្រាកដដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ។

អរគុណសារជាថ្មីដល់វិស័យឯកជនទាំងអស់នៅកម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍន៍ប្រទេស នឹងពង្រឹងសេដ្ឋកិច្ចជាតិអោយបានរឹងមាំមកទល់សព្វថ្ងៃ និង អរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើង៕

សហការី KBN