តារាចម្រៀង​ប្រុស​វ័យក្មេង​ឈ្មោះ ថេ​ណា ដែល​ជា​តារាចម្រៀង Original Song ហើយ​មាន​បងប្អូន​ជា​ច្រើន​បាន​ស្គាល់​តាម​រយៈ​បទ​ល្បី​ៗ​ជា​ច្រើន​របស់​ថេ​ណា ដូច​ជា «​លួច​ស្នេហ៍​ដួង​ច័ន្ទ​, ខុស​ជំនាន់​» ជាដើម​នោះ ស្រាប់តែ​កាលពី​យប់មិញ​នេះ លោក​បាន​បញ្ចេញ​ចំរៀង​បែប​រ៉េ​ប​មួយ​បទ មាន​ចំណងជើង​ថា “​អេ​ម​” ដែល​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​ស្តាប់​ហើយ​ក្តៅខ្លួន ឯ​ចំណែក​អ្នកខ្លះ​ទៀត​ស្ទើរតែ​ឈាម​ច្រមុះ​ទៅ​ហើយ រហូត​រវើរវាយ​ក៏​មាន ។

យ៉ាងណាមិញ សម្រាប់​បទ​ថ្មី​របស់ ថេ​ណា មួយ​បទ​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​លោក ក៏​ដូច​អ្នក​និយម​លេង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មិន​ពេញចិត្ត និង​មានការ​រិះគន់ ព្រោះថា អត្ថន័យ​នៃ​បទ​ចម្រៀង បែប​អាសអាភាស ដល់​ថ្នាក់​បទ​នេះ ដាក់​អក្សរ (១៨+) ជា​សម្គាល់ ឫ​ហាម​មិន​ឲ្យ​ក្មេង​ៗ​ក្រោយ​អាយុ​១៨​ឆ្នាំ ស្តាប់​ថែម​ទៀត​ផង ។

នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​មុខ​ព្រលះ​លោក ថេ​ណា ដែល​ជា​តារាចម្រៀង Original Song ថា ជា​មនុស្ស​កំពុង​បន្ថោកខ្លួន​ឲ្យ​ក្លាយជា​អ្នក​បំពុលសង្គម និង​បំផ្លាញ​ខ្លួន​ក្នុង​វិស័យ​វប្បធម៌​ជាតិខ្មែរ​ទៅ​វិញ​។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន លោក ថៃ នរៈ​សត្យា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ទស្សនៈ​យ៉ាងម៉េច​ហ្នឹង ដែល​អាច​បង្កើត​គំនិត​ផលិត​ស្នាដៃ​របៀប​នេះ ? ជា​អ្នកនិពន្ធ ជា​អ្នកចម្រៀង ជា​អ្នកសិល្បៈ ជា​សាធារណៈ​បុគ្គល គួរតែ​ជា​គម្រូ​ល្អជា​សាធារណៈ​ជា​ពិសេស ចំពោះ​ប្អូន​ៗ​យើង​ជំនាន់​ក្រោយ​! តែ​នេះ​មិន​អ៊ីចឹង​ទេ បែរជា​បន្ទាប​បន្ថោកខ្លួន​ឲ្យ​ក្លាយជា​អ្នក​បំពុល និង​បំផ្លាញ​ខ្លួន​ក្នុង​វិស័យ​វប្បធម៌​របស់​ជាតិ​ខ្លួន​ទៅ​វិញ​។ មិន​យល់ សង្ឃឹម​មាន​អ្នកគាំទ្រ​ភាព​លីលា​នេះ​បាន​ប៉ុន្មាន​នាក់​ទៅ​ហ្នឹង ? បើ​គ្រាន់តែ​ងើប​ក្បាល​មក​ត្រូវ​មហាជន​សំពង​យ៉ាងតំណំ​ទៅ​ហើយ​នោះ​! យក​រឿង​ដាក់ខ្លួន​មែន​»​។

ក្រៅពី​លោក ថៃ នរៈ​សត្យា ក៏​គេ​សង្កេត​ឃើញ​ថា មាន​យុវជន​ខ្មែរ​យ៉ាងច្រើន បាន​ចេញ​មុខ​រិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​បទ​ចម្រៀង​របស់​លោ ថេ​ណា​។ ជាមួយ​គ្នា​នេះ មាន​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ខ្លះ​ទៀត​បាន​សំណូមពរ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ជួយ​ចាត់ការ​តាម​នីតិវិធី​ចំពោះ​លោក ថេ​ណា ផង​ដែរ​។

ចង់​ដឹង​ថា អត្ថន័យ​បទ​ថ្មី​របស់ ថេ​ណា ស្តាប់​ហើយ​ក្តៅខ្លួន​ប៉ុណ្ណា ចូរ​មើល​វី​ដេ​អូ​ខាងក្រោម​នេះ​ទាំងអស់​គ្នា​!