សិល្បៈ៖ បទចម្រៀងមួយបទរបស់តារាចម្រៀង Original ថេណា ដែលមានចំណងជើងថា «អេម» បានធ្វើឲ្យ មហាជន ជាពិសេសអ្នកសិល្បៈចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបទនេះ ជាប្រភេទបទ ១៨+ មានលាយឡំពាក្យអាសអាភាស មិនតែប៉ុណ្ណោះក៏មានការរិះគន់យ៉ាងខ្លាំងផងដែរ ។

ជាក់ស្ដែង អ្នកនាង ចន ចន្ទលក្ខិណា ប្រធានសមាគមសិល្បៈ ក៏បានកើតទុក្ខមិនសុខចិត្តចេញមុខ ស៊ែព័ត៌មានទាក់ទងនឹងបទចម្រៀងរបស់ ថេណា មួយបទខាងលើនេះ ព្រមទាំងពោលពាក្យយ៉ាងដូច្នេះថា «ទទួលយកអត់បានទេអូន រឿងអាម៉ាស់របស់មនុស្សស្រីណាអូន ខ្លាំងអស្ចារ្យណាស់ប្អូនប្រុសដែលយករឿងលើគ្រែរបស់ប្អូន និងមនុស្សស្រី មកអួតជាសាធាណៈអោយគេដឹងថាប្អូនពិតជាជាប់ចិត្តនិង ពូកែនូវទង្វើសកម្មភាពបែបនោះរបស់មនុស្សស្រី ។

បងសុំសរសើរអូនដែលក្លាហាន រឿងបែបនេះជាច្បាប់ធម្មជាតិដែលបង្កើតមនុស្ស និង សត្វអោយមានតម្រេកតណ្ហា តែមនុស្សម្នាក់ៗគេមិននិយាយជាសាធារណះនោះទេ ព្រោះជារឿងកេរ្តិខ្មាសរបស់មនុស្សទាំងបីភេទ ។ ហើយអូនមានគិតទេថាទង្វើបែបនេះអ្នកម្តាយ និង បងស្រី ប្អូនស្រីរបស់ប្អូនក៏ធ្លាប់មានដែរ ហើយបើឪពុក ឬ ដៃគូររួមភេទរបស់ពួកគាត់លើកយកទង្វើ សកម្មភាពរួមភេទរបស់អ្នកទាំងនោះមកនិយាយជាសាធារណះវិញតើអូនមានអារម្មណ៍បែបណា ? បងសុំទោសចំពោះហ្វេនៗរបស់ប្អូនប្រុសផង» ។

យ៉ាងណាមិញ ក្រោយពីសាររបស់ អ្នកនាង ចន ចន្ទលក្ខិណា បញ្ចេញនៅលើហ្វេសប៊ុកមិនទាន់បានប៉ុន្មានផង សាមីខ្លួនផ្ទាល់ គឺ ថេណា បានឆ្លើយតបតាមរយៈប្រអប់ Comment ថា «អគុណ​បង​ដែល​បានណែនាំ​ តែមក​ចង់​បកស្រាយ​វា​ជា​សិល្បៈ​ន័យ​ការ​ Rap វាតែង​តែ​មាន​ពាក្យ​ធ្ងន់​ខ្លះ​ហើយ ​ចុះ​ត្រង់​បង​ថត​រឿង​ចៅពស់​កេងកង ​ដែល​ខ្ញុំ​មេីល​ពី​ក្មេង​នោះយ៉ាង​ម៉េច​វិញ ​ចាំបាច់​អី​មាន​ឈុត​ដោះខោ​អាវស្ទៀប​អង្អែល ​​ហើយ​ធ្វើ​សំឡេង​ធ្វើ​អ្វី​បង!ខ្ញុំ​គ្រាន់​តែ​យក​មក​ rap​ ចុះបង​ថត​រឿងចេញ​ជា video ​វា​ម៉េចវិញបង វា​មិន​ខុស​គ្នា​អី​នឹង​សិល្បៈ ​ន័យ​ការ​លេង​សំដី​នោះទេ​! ខ្ញុំ​មិនដែល​គិត​ចង់​ប៉ះពាល់​អ្នក​ទេ ​ខ្ញុំ​ធ្វើ​សំរាប់​តែ ​fans ខ្ញុំ​ទេ​អគុណ​» ។

សូមបញ្ជាក់ថា បន្ទាប់ពីបទ «អេម» របស់ ថេណា បង្ហោះលើគណនីយូធូប ផ្ទាល់ខ្លួនបានត្រឹមរយៈពេលជាង ១០ម៉ោង មានអ្នកចូលទៅទស្សនាយ៉ាងច្រើន តែដោយសារមានការរិះគន់ខ្លាំងពេកផងនោះ គេក៏សម្រេចលុបចោលតែម្ដង ៕

សហការី KBN