ខេត្តក្រចេះ ៖ ប្តី​វ័យក្មេង​ម្នាក់​ ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ​ចាប់​ខ្លួន បន្ទាប់​ពីយក​អង្រែ​បុក​គ្រឿង និង​ដងចប​វាយ​សម្លាប់​​ប្រ​ព​ន្ឋ​ដែល​មាន​វ័យចាស់​ជាង បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម សង្ស័យ​ដោយសារ​​​ប្រចណ្ឌ ​។

ករណី​ឃាតកម្ម​ដែល​ផ្តើម​ចេញពី​ភ្លើង​ប្រចណ្ឌ​នេះ បាន​កើត​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ ស្ថិត​ក្នុងភូមិ​សំភិន ឃុំ​កំពង់ចាម ស្រុក​សំបូរ ​។

អធិការ​នគរបាល​ស្រុក​សំបូរ បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះជា​ប្រពន្ធ មានឈ្មោះ​អែប ពៅ អាយុ​៥០​ឆ្នាំ​។ ចំណែក​ជន​ដៃដល់​ជា ឃាតករ និង​ត្រូវជា​ប្តី មានឈ្មោះ​ឈី​ន សុ​ឃា​ប អាយុ​៣៣​ឆ្នាំ ​។ ប្តី​ប្រពន្ធ​ខុស​វ័យ (​ប្តី​ក្មេង ប្រពន្ធ​ចាស់​) ខាងលើ​នេះ មាន​លំនៅ ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ​។

ប្រភព​បន្ត​ថា ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ នឹង​បងជីដូនមួយ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​បុរស​ជា​ប្តី​ចេះ​តែ​តាម​ឃ្លាំមើល និង​ចាប់កំហុស​ប្រពន្ធ​គ្រប់ពេល រហូត​ធ្វើ​ឱ្យ​កើត​មាន​ជម្លោះ តឹងសរសៃក និង​ឈាន​ដល់​អំពើ​ហ្សិ​ដា​ក់គ្នា ​ជា​ញឹកញាប់​ តែ​មិន​មាន​សភាព​ធ្ងន់ធ្ងរ ដូច​លើក​នេះ​ទេ ​។ ស្រាប់តែ​មក​ដល់​ថ្ងៃ​កើតហេតុ ប្តី​ក្មេង​ប្រពន្ធ​ចាស់​ខាងលើ ក៏​ឈ្លោះ​គ្នា​ជា​ថ្មី​ម្តងទៀត ពី​រឿង​ប្រចណ្ឌ​ដដែល​ៗ រហូត​ដល់​ភាគី ប្តី​ទប់​កំហឹង​មិន​បាន ក៏​ស្ទុះ​ទៅ​ទាញ​អង្រែ​បុក​គ្រឿង និង​ដងចប វាយ​សំពង​ទៅ​លើ​ប្រពន្ធ​ បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ធ្វើ​ឱ្យ​កើត​មានការ​ផ្អើល​ និងរាយការណ៍​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ដៃដល់​ជា​ឃាតករបាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​សម្លាប់​ប្រពន្ធ​មែន មូលហេតុ ដោយសារ​តែ ខ្លួន​មានចិត្ត​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ នឹង​បងជីដូនមួយ ទើប​ធ្វើ​ឱ្យ​កើត​មាន​ជម្លោះ និង​ឈាន​ដល់​ការ​ប្រើ​ហិង្សា ដោយ​ខ្លួន​បាន​ទាញ​អង្រែ​បុក​គ្រឿង និង​ដងចប ​វាយ​សំពង​ប្រពន្ធ​បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង​ ។

ជនសង្ស័យ​ជា​ប្តី ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕