(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ អគ្គលេខាធិការរង ក្រសួងការពារជាតិ ឧត្តមសេនីយ៍ផ្កាយ៣ ឈ្មោះលោក គឹម រស្មី បានចេញមុខបំភ្លឺ ក្រោយមានការយល់ច្រលំ ពីសារធារណជនពាក់ព័ន្ធនឹងតួនាទី និងឈ្មោះដូចគ្នាជាមួយអតីតមេបញ្ជាការ អាវុធហត្ថខេត្តរតនគិរី ឧត្តមសេនីយ៍ត្រី គឹម រស្មី ដែលត្រូវបានបណ្ដេញចេញ ពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។

ការចេញមកបញ្ជាក់របស់មន្ដ្រីយោធាជាន់ខ្ពស់រូបនេះ បានកើតមានឡើង ក្រោយពីមានព័ត៌មាន និងបណ្ដាញសង្គម បានបង្ហោះនូវព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលត្រាស់បង្គាប់ លោក គឹម រស្មី ជាឧកញ៉ា ប៉ុន្តែបែរជាមានការយល់ច្រលំថា ការតែងតាំងជាឧកញ៉ានោះ សំដៅទៅលើលោក គឹម រស្មី ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ មេអាវុធហត្ថខេត្តរតនគិរីទៅវិញ។

តាមពិតមានឈ្មោះ គឹម រស្មី ដូចគ្នា ប៉ុន្ដែគាត់ជាឧត្ដមសេនីយ៍ផ្កាយ៣ ដែលមានតួនាទី ជាអគ្គលេខាធិការរង ក្រសួងការពារជាតិ។ ដើម្បីកុំឲ្យមានការយល់ច្រលំតទៅទៀតនោះ ឧត្តមសេនីយ៍ផ្កាយ៣ គឹម រស្មី បានចេញមកបំភ្លឺ ហើយបានបញ្ជាក់ជូនសារធារណជនថា លោកមានឈ្មោះ គឹម រស្មី ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន តម្លើងតួនាទី ជាអគ្គលេខាធិការរង ក្រសួងការពារជាតិ រហូតព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ជាឧកញ៉ា ក្រោយបានចូលរួមសកម្មភាពកសាងសម្មិទ្ធផលជូនជាតិ​ មិនមែនឈ្មោះ គឹម រស្មី ជាអតីតមេអាវុធហត្ថខេត្តរតនគិរីនោះទេ គ្រាន់តែឈ្មោះដូចគ្នាតែប៉ុណ្ណោះទេ៕