នារីរូបស្រស់ម្នាក់ ស្រវឹងស្រាជាកជាំ បើករថយន្ដទៅបុករថយន្ដព្រូសពីក្រោយ ពេញទំហឹង បណ្ដាលឲ្យហោះឡើងលើឃើនផ្លូវ ហើយជ្រុលទៅបុកបង្គោលភ្លើង បាក់១ដើម ឯរថយន្ដរងការខូចខាតយ៉ាងដំណំ ចំណែករថយន្ដបង្ក ព្យាយាមបើករត់គេច តែត្រូវខាងកម្លាំងនគរបាល សង្កាត់ដង្កោឃាត់បាន ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង១០នាទីយប់ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំនុចកន្លែងផលិតស្រាបៀរកម្ពុជា សង្កាត់ជើងឯក ខណ្ឌដង្កោ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់ម្នាក់ បើករថយន្ដម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AB-2880 ទាំងខ្លួនស្រវឹងស្រាជោកជាំ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនដូចហោះ ខណៈពេលមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកពីក្រោយ រថយន្ដមួយគ្រឿងម៉ាកព្រូស ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AS-6205 ដូចគ្នា បណ្ដាលឲ្យរថយន្ដរងគ្រោះហោះឡើងលើ ឃឿនសួនច្បារពុះចែកផ្លូវ ទៅបុកនិងបង្គោលភ្លើងបាក់១ដើម បណ្ដាលឲ្យរងរបួសម្នាក់ ឯរថយន្ដរងការខូចខាតយ៉ាងដំណំ ។

បន្ទាប់មកនារីរូបស្រស់ម្នាក់នោះ ព្យាយាមបើករត់គេច មកដល់និងសាលាសង្កាត់ដង្កោ ត្រូវខាងកម្លាំងនគរបាល សង្កាត់ដង្កោស្ទាក់ចាប់បាន នៅតាមបណ្ដាយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ក្រោយពេលកើតហេតុសមត្តកិច្ចបានឃាត់ខ្លួនជនបង្ក ឲ្យចុះពីលើរថយន្ដ រួចនាំទៅសាកសួរកសាងសំណុំរឿង ចំណែកឯរថយន្ដទាំង២គ្រឿង សមត្តកិច្ចយកទៅរក្សាទុក ឯអធិការដ្ឋានការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រងចាំភាគីទាំង២ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕