ខេត្តពោធិសាត់៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃសៅរ៍ ម្សិលមិញនេះ មានករណីគ្រោះអគ្គីភ័យមួយ បានឆាបឆេះកន្លែងស្តុកប្រេងម៉ាស៊ូតមួយកន្លែង ស្ថិតនៅក្នុងភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ដោយគេសង្ស័យថា បណ្តាលមកពីការជក់បារី ហើយបានបង្កឲ្យខូចខាតសម្ភារៈយ៉ាងច្រើនផងដែរ ។

បើតាមការឲ្យដឹងពីនគរបាលស្រុកក្រគរ បានប្រាប់ថា កន្លែងស្តុកប្រេងម៉ាស៊ូតខាងលើ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ដោយសំណង់សង់ពីថ្ម ដំបូលប្រក់ស័ង្កសី ទំហំ១០ម៉ែត្រ គុណនិង១២ម៉ែត្រ ហើយមានម្ចាស់ឈ្មោះ ផុន ផល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ផុន សុភាព អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

អគ្គីភ័យខាងលើ បានប្រើប្រាស់រថយន្តពន្លត់របស់អធិការដ្ឋាននគរបាលស្រុកក្រគរ១គ្រឿង បាញ់ទឹកអស់ចំនួន៣ស៊ីទែន និងរថយន្តដឹកទឹករបស់កងវិស្វកម្មចំនួន២គ្រឿង ដើម្បីពន្លត់ភ្លើងឲ្យរលត់ជាស្ថាពរ ។ ក្រោយពីកើតហេតុរួច កម្លាំងជំនាញបានសរុបការខូចខាតរូមមាន បន្ទប់ស្តុកប្រេងម៉ាស៊ូតចំនួន១ខ្នងឆេះអស់ទាំងស្រុង ប្រេងម៉ាស៊ូត៥ពុយ ស្មើនិង១ពាន់លីត្រ រថយន្ត១គ្រឿងម៉ាកនីសាន់មួយបាំងកន្លះ គោយន្តកន្ត្រៃមាន១គ្រឿង និងគ្រឿងសំណង់៦០ទៅ៧០ភាគរយ ។

តាមការសន្និដ្ឋានជាជំហានដំបូង មូលហេតុនៃការឆេះនេះ គឺបណ្តាលមកពីកូនប្រុសរបស់ម្ចាស់ផ្ទះ ឈ្មោះ ផុន សុភោគ អាយុ២២ឆ្នាំ បានជក់បារីនៅក្នុងកន្លែងស្តុកប្រេងនោះ ប៉ុន្តែទោះជាយ៉ាងណាគ្រោះថ្នាក់នេះ មិនបណ្តាលឲ្យប៉ះពាល់ដល់មនុស្សឡើយ ៕