បាងកក៖ មេដឹកនាំ​គណបក្សគំាទ្រ​របបយោធានៅក្នុងប្រទេស​ថៃ នៅថ្ងៃសុក្រនេះ​​បាននិយាយថា ការតែងតាំង​ព្រះនាងម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា (Ubolratana Rajakanya) ដែលជាព្រះរាម​របស់​ព្រះមហាក្សត្រថៃ​ព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Maha Vajiralongkorn) ​ជាបេក្ខជននាយករដ្ឋមន្ត្រី​អាចនឹងរំលោភបំពាន​លើច្បាប់​បោះឆ្នោត។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ផៃប៊ូន នីធីតាវ៉ាន់ (Paiboon Nititawan) ជាមេដឹកនាំ​គណបក្ស​កំណែទម្រង់របស់​ប្រជាជន (People’s Reform Party) បានប្រគល់​លិខិតមួយ​ច្បាប់ទៅកាន់​គណៈកម្មការជាតិ​រៀបចំការបោះឆ្នោត​ថៃ ជាមួយការ​អំពាវនាវ​ឱ្យសម្រេចចិត្តជាថ្មីថា តើគួរតែផ្ដល់សុពលភាពលើ​ការតែងតាំង​ព្រះនាងម្ចាស់ រ៉ាចាកាន់យ៉ា ជាបេក្ខជន​នាយករដ្ឋមន្ត្រីមកពី​គណបក្សថៃ​រក្សាជាតិ (Thai Raksa Chart) ដែល​ស្និទ្ធនឹង អតីតនាយករដ្ឋមន្ត្រី​ថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែរឬយ៉ាងណា។

គួរជម្រាបថា ការបោះឆ្នោតសកល​នៅក្នុងប្រទេសថៃ នឹងត្រូវប្រព្រឹត្តទៅ​នៅថ្ងៃទី២៤ ខែមីនាខាងមុខ​នេះ រីឯគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​នឹងអនុម័ត ឬបដិសេធរាល់បេក្ខភាព​ណាមួយ នៅថ្ងៃសុក្រសប្ដាហ៍​ក្រោយនេះ៕

សហការី KBN