ទីក្រុង​បាងកក កំពុង​តែ​រួមរឹត​ខ្លាំង​ទៅ​ដោយ​ខ្យល់ពុល បាន​បង្ខំ​ឲ្យ ចៅហ្វាយ​ក្រុង​ចេញ​បទបញ្ជា​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​បិទ​សាលារៀន​ជិត​៤៥០​កន្លែង កាលពី​ថ្ងៃ​ពុធ អាច​នឹង​ជួយ​ឲ្យ​ចរាចរណ៍​ក្នុង​ទីក្រុង​មាន​ភាព​ធូរស្រាល និង​អាច​ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​មួយ​ចំណែក ។

ក្នុង​ពេល​ឆាប់​ៗ​នេះ សាលាក្រុង​បាងកក អាច​នឹង​ចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ចេញ​ទៅ​ហាត់ប្រាណ នៅ​តាម​សួនច្បារ​សាធារណៈ​ទៀត​ផង ។ អាជ្ញាធរ​ថៃ ក៏​គ្រោង​នឹង​ស្នើ​ឲ្យ​សាលា​ឯកជន​មួយ​ចំនួន​ទៀត បិទទ្វារ​មួយ​រយៈពេល​ផង​ដែរ​។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ក៏​បាន​ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ថៃ កុំ​ដុត​ធូប និង​ក្រដាសសែន ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន ខាង​មុខ​នេះ ។

នៅ​ពេល​ដែល​ត្រូវធ្វើ​ដំណើរ ទៅ​ធ្វើការ ឬ​ត្រូវ​ចេញ​ទៅ​ក្រៅ​ផ្ទះ​នោះ ប្រជាជន​ថៃ ត្រូវ​ពាក់​ម៉ាស​ការពារ ។​រហូត​មក​ដល់​ពេល​នេះ ម៉ាស​ការពារ ការ​បំពុលបរិស្ថាន​បាន​លក់​អស់​នៅ​ក្នុង​ហាង​ជា​ច្រើន នាទី​ក្រុង​បាងកក ។
តម្លៃលក់ដុំ គេលក់ប្រហែល ៩៥បាត ក្នុងមួយដុំ ឫតម្លៃ ៦៥០បាត ក្នុងមួយប្រអប់ (២០ដុំ) ។ យ៉ាងណា​តម្លៃ​លក់រាយ​ម៉ាស​មួយ​សន្លឹក​នៅ​មិន​ទាន់​ដឹង​លក់​ប៉ុន្មាន​បាត​នៅឡើយ​ទេ ។

បើ​តាម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​រស់នៅ​ប្រទេស​ថៃ​ឲ្យ មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្យល់​កខ្វក់​ដែល​គ្របដណ្ដប់​ពេញ​ប្រទេស​ថៃ ។

ពេល​បងប្អូន​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ នៅ​ក្នុង​តំបន់​ដែល​មាន​បញ្ហា​នេះ មេត្តា​ប្រុង​ប្រយ័ត្ន និង​ការពារ​តាម​ការ​ណែនាំ​របស់​អាជ្ញារ​ធរ​ថៃ មេត្តា​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ គឺ​ត្រូវ​ពាក់​ម៉ាស​ការពារ​ប្រភេទ N95 នៅ​ពេល​ដែល​ធ្វើ​ដំណើរ ឬ​ធ្វើការ​នៅ​ទីវាល ជា​ពិសេស​បងប្អូន​ពលករ​ខ្មែរ​ដែល​ធ្វើការ នៅ​ទីក្រុង​បាងកក និង​តាម​បណ្តា​ខេត្ត​រង​ឥទ្ធិពល ។

ម៉ាស​របាំងមុខ​ការពារ​ធូលី ប្រភេទ N95 ដែល​បាន​នាំ​ចូល​តាម​រយៈ​ក្រុមហ៊ុន​មួយ មានការ​ត្រួតពិនិត្យ​ស្តង់ដារ​ត្រឹមត្រូវ ពី​រដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថ​អា​មេ​រិ​ក ផង​ដែរ ។